កម្មការិនី រោងចក្រ IC ដួលសន្លប់ ជិត ៤០នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មេសា ២០១៤) ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ កម្មករ កម្មការិនី ស្ថិតនៅរោងចក្រកាត់ដេរ យ៊ីហោ IC (អាយ.ស៊ី) តាមបណ្តោយផ្លូវបេតុង ក្នុងបុរីចោមចៅ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សរុប ចំនួន៧៣០នាក់បានដួលសន្លប់។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ ដែលឈានទៅដល់ មានកម្មករ សន្លប់ជាច្រើននាក់ ផ្តើមដោយ មានកម្មការិនីម្នាក់ គាត់មានអាការ: មិនស្រួលខ្លួន វិលងងឹតមុខ ទាន់ដៃទន់ជើង សន្លប់បាត់ មាត់បាត់ក ឃើញ ក្នុងសភាពបែបនោះ ធ្វើឲ្យកម្មការិនី ដទៃទៀត នាំគ្នាភ័យ ស្លន់ស្លោ ធ្វើឲ្យមានសភាព ជ្រួលច្របល់ បណ្តាលឲ្យ ដួលសន្លប់ ជាបន្តបន្ទាប់ទៀត សរុបទាំងអស់ ចំនួន៣៥នាក់ ។
រថយន្តសង្គ្រោះ របស់អង្គភាព ៧១១ ចំនួន៥គ្រឿង ចេញទៅ អន្តរាគមន៍ ដឹកបញ្ជួន ស្ត្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង ។ កម្មករ កម្មការិនី ក្រៅពី ដួលសន្លប់ ត្រូវបាន ថៅកែរោងចក្រ អនុញ្ញាត ឲ្យចេញក្រៅ ដោយផ្អាកការងារ មួយរយះសិន ជាប្រការជៀសវាង កើតមានបញ្ហាតទៅទៀត ៕