ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេច នរោត្តម រណឫទ្ធិ បង្កើតគណបក្សថ្មី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ មិនា ២០១៤) ៖ កាលពីថ្ងៃទី០១ ខែមេសា ក្រសួងមហាផ្ទៃ បានឯកភាពចំពោះសំណើរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលសុំបង្កើតគណបក្សថ្មី ដែលមានឈ្មោះថា «សង្គមរាស្ត្រ រាជាធិបតេយ្យ»ការឯកភាពនេះ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានដាក់លិខិតទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមីនា ដើម្បីសុំបង្កើតគណបក្សនយោបាយ ដោយបានឡាយព្រះហស្ថលេខា លើលិខិតសុំបង្កើតគណបក្សនេះ និងមានរូបទ្រង់ផ្ទាល់ និងប្រជាពលរដ្ឋ ៩៩នាក់។
ក្រសួងបានសម្រេចឯកភាពចំពោះសំណើរសុំបង្កើតគណបក្សនយោបាយមួយនេះ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់ថា មានលក្ខខណ្ឌគ្រប់គ្រាន់។ តែទោះជាយ៉ាងណា នេះគ្រាន់តែជាដំណាក់កាលទី១ប៉ុណ្ណោះ ចំណែកដំណាក់កាលទី២ គណបក្សនេះត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃដដែល ប៉ុន្តែត្រូវមានសមាជិកគាំទ្រយ៉ាងតិច ៤០០០ ទៅ ៥០០០នាក់។
នាយកខុទ្ទកាល័យ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក អា នន្ទ បានឲ្យដឹងថា គណបក្សនេះមិនទាន់មានយុទ្ធនាការសម្រាប់ឃោសនានយោបាយ និងបញ្ចេញគោលនយោបាយរបស់ខ្លួននៅឡើយទេ។ លោកសង្ឃឹមថា សម្រាប់គណបក្សថ្មីនេះ នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋ និងទទួលអាសនៈក្នុងសភាដែរ៕