រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា ជំនួបរវាងថ្នាក់ដឹកនាំ កំពូលទាំងពីរ កំពុងតែរៀបចំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ មេសា ២០១៤) ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ជំនួបកំពូលរវាងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កំពុងតែរៀបចំដំណើរការ តែមិនទាន់កំណត់ថ្ងៃណាជួបគ្នានៅឡើយទេ។
លោក ស ខេង បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីលោកចេញពីសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា។
សូមបញ្ជាក់ថា កិច្ចចរចាលើកំណែទម្រង់ បោះឆ្នោតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឈានដល់ភាពទ័លច្រកកាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ទាមទារដាក់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ឲ្យទៅជាស្ថាប័នធម្មនុញ្ញ ហើយត្រូវ អនុម័តដោយសំឡេងពីរភាគបី ក្នុងគ្រាដែលគណបក្សប្រជាជនកម្ពុជាឆ្លើយថា ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតត្រូវ ពិភាក្សានៅក្នុង សិក្ខាសាលាថ្នាក់ជាតិ និងវេទិកាសាធារណៈ ដូចអ្វីដែលគណបក្សទាំងពីរ បានព្រមព្រៀងគ្នានៅក្នុង កិច្ចប្រជុំកាលពីកន្លងមក។
ក្នុងពេលនោះដែរ គណបក្សសង្រ្គោះជាតិ ក៏បានស្នើសុំឲ្យមានជំនួបកំពូលរវាងមេដឹកនាំ នៃគណបក្សនយោបាយទាំងពីរផងដែរ៕