របួស ៥នាក់ ចាប់ខ្លួនម្នាក់ ក្នុងបាតុកម្ម របស់លោក ម៉ម សុណង់ដូ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ មិនា ២០១៤) ៖ បាតុករម្នាក់រងរបួសធ្ងន់និង៤នាក់ផ្សេងទៀតរបួសស្រាល ចំណែកអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានចាប់ខ្លួន នៅ ក្នុង បាតុកម្មទាមទារសុំហ្វ្រេកង់វិទ្យុនិងទូរទស្សន៍សំបុកឃ្មុំ នៅព្រឹកថ្ងៃចន្ទទី ៣១ មិនានេះ។ ការប៉ះទង្គិចគ្នាបានកើតឡើងរវាងក្រុម បាតុករដែលគាំទ្រលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំជាមួយសមត្ថកិច្ចដែលបំបែកហ្វូងបាតុករ។
កម្លាំងសមត្ថកិច្ចដែលក្នុងនោះមានកងកម្លាំងសន្តិសុខ និងប៉ូលីសបានវាយបង្ក្រាបទៅលើក្រុមបាតុករប្រហែល ១០០ នាក់ ដែលទាមទារសុំហ្វ្រេកង់វិទ្យុ និងទូរទស្សន៍សំបុកឃ្មុំ របស់លោក ម៉ម សុណង់ដូ នៅសួនច្បារស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ៣១មិនានេះ។
ការបង្ក្រាបបានកើតឡើងក្រោមហេតុផលថា បាតុករបានធ្វើបាតុកម្មដោយខុសច្បាប់។ ភ្លាមៗក្រោយការប៉ះទង្គិចនោះ អង្គការសិទ្ធិមនុស្ស ដែលឃ្លាំមើលហេតុការណ៍នោះ បានរកឃើញមនុស្សយ៉ាងហោចណាស់ ៥នាក់រងរបួសធ្ងន់និងស្រាល។
យ៉ាងណាក៏ដោយ កងកម្លាំងសន្តិសុខ និងប៉ូលីស បានបញ្ជាក់ថា ការបង្ក្រាបនេះ គឺដោយសារតែក្រុមបាតុករ ប្រើពាក្យមិនសមរម្យ ក្នុងគោលបំណងបង្កអំពើហិង្សាពាក្យសម្តី ចំពោះក្រុមប៉ូលីស។
ប៉ុន្តែ ក្រុមបាតុករ និងសង្គមស៊ីវិល បានលើកឡើងថា ការញុះញង់ឲ្យមានអំពើហិង្សានេះ គឺកើតចេញពីជនបង្កប់មួយចំនួន ដែលចង់បង្កើតអំពើហិង្សា ហើយចង់ឲ្យក្រុមសមត្ថកិច្ចបើកការបង្ក្រាប៕