ចែករំលែកវិជ្ជាជីវៈព័ត៌មានដល់អ្នកព័ត៌មានសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
ដោយ ចាន់ ផល្គុន
សារព័ត៌មាន ឃែមបូឌា ញូស៌ និងយុវវ័យថ្មី

សៀមរាប (២៩ មីនា ២០១៤)៖ ក្រុមការងារនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅថ្ងៃសៅរិ៍នេះបានជួបជាមួយអ្នកសារព័ត៌មានមួយចំនួនប្រចាំខេត្តខេត្តសៀមរាប ដើម្បីជួយពង្រឹងបន្ថែមលើជំនាញសរសេរព័ត៌មានបទយកការណ៍ទាក់ទិននឹងព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ ១៦ មេសាខាងមុខនេះនៅសៀមរាបអង្គរ។
ថ្លែងប្រាប់អ្នកយកព័ត៌មានប្រមាណ១០នាក់នៅឯទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តសៀមរាប លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តបាននិយាយថា ការជួបជុំជាមួយអ្នកសារព័ត៌មាននាថ្ងៃនេះពិតជាមានសារសំខាន់ ពិសេសការផ្តល់គំនិតបន្ថែមល់ចំណេះដឹងក្នុងការសរសេរព័ត៌មាន។
លោក រតនា ដែលជាប្រធានក្រុមទំនាក់ទំនងសាធារណៈនិងទីផ្សាររបស់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែរនោះបានបញ្ជាក់ លោក ឆាយ សុផល ដែលជាអ្នកជំនាញផ្នែកសារព័ត៌មាន និងជាសាស្រ្តាចារ្យព័ត៌មាននៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមកជួយពង្រឹងបន្ថែមល់មុខជំនាញនេះ។
ក្រោយពីមានការបង្ហាញពីការជ្រើសរើសយកមុមមកសរសេរទាក់ទិននឹងប្រធានបទ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តមុនព្រឹត្តិការណ៍កើតឡើង លោក ឆាយ សុផល បានបង្ហាញជូនពីភាពខុសគ្នារវាងព័ត៌មានទាន់ហេតុការណ៍ និងបទយកការ។
នៅក្នុងបទបង្ហាញនោះ លោក សុផល ក៏បានលើកយកពីភាពខុសគ្នារវាងការធ្វើអត្ថាធិប្បាយឬពីព័រនានៅក្នុងបទយកការណ៍នៅក្នុងអត្ថបទព័ត៌មានបោះពុម្ព (កាសែត ទស្សនាវដ្តី) និងព័ត៌មានរលកអាកាស (វិទ្យុ ទូរទស្សន៍)។
លោក គឿន វ៉េត អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីដែលបានចូលរួមនៅពិធីនោះបាននិយាយថា ការបង្ហាញបស់លោកគ្រូសុផលពិតជាល្អប្រកបដោយវិជ្ជាជីវៈ និងមានចំណុចថ្មីៗ ដោយលោកបានយល់ដឹងកាន់តែច្បាស់ពីភាពខុសគ្នារវាងព័ត៌មានទាន់ហេតុការណ៍និងព័ត៌មានបទយកការណ៍។
លោកបានបន្តថា បទបង្ហាញនេះបានធ្វើឲ្យលោកបង្កើនចំណេះដឹងបន្ថែមលើការងារសរសេរព័ត៌មាន ពិសេសនៅមុនពេល និងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
គួររំលឹកថា នេះគឺជាលើកទីមួយហើយដែលក្រុមការងារនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តល់ចំណេះដឹងផ្នែកសរសេរព័ត៌មានដល់អ្នកសារព័ត៌មាននៅមូលដ្ឋាន ដែលកាលពីព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំមុន ក្រុមការងារគ្រាន់តែសហការផ្តល់ព័ត៌មានដល់ពួកគេតែប៉ុណ្ណោះ៕
