មេបក្សប្រឆាំងប្រកាសធ្វើសមាជប្រជាជននៅថ្ងៃទី ៣០មីនា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មិនា ២០១៤) ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសគោលជំហរថា គណបក្សសង្គ្រោះជាតិ នៅតែបន្តការចរចា រកដំណោះស្រាយជាមួយ គណបក្សប្រជាជនកម្ពុជាដដែល មិនមានការផ្លាស់ប្តូរនោះទេ តែមួយរយៈពេលនេះ គណបក្សសង្គ្រោះជាតិ សូមផ្អាកការចរចាជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំចម្លើយពី បក្សកាន់អំណាច ចំពោះរូបមន្តកំណែទម្រង់ស្ថា ប័នរៀបចំការបោះឆ្នោត។
ការប្រកាសរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងសន្និសីទកាសែត នា ព្រឹក ថ្ងៃទី២៦ មីនា ២០១៤ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ។
ទន្ទឹមនឹងនេះលោកសម រង្ស៊ី បានប្រកាសទៀតថា គណបក្ស នឹងជួបជុំអ្នកគាំទ្រខ្លួននៅទីលានប្រជាធិបតេយ្យ នៅថ្ងៃអាទិត្យទី៣០ខែមីនា ក្នុងពិធីបង្សុកូលឧទិ្ទសកុសលខួបលើកទី១៧ ថ្ងៃទី៣០ខែមីនា ជូនដល់វិញ្ញាណក្ខន្ធបាតុករ ដែលបានស្លាប់ដោយសារការគប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភា តែមិនមែនជាការធ្វើមហាបាតុកម្មនោះទេ៕