ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងមកដល់មាតុភូមិវិញ នៅល្ងាចថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មិនា ២០១៤) ៖ ប្រភពច្បាស់ការណ៍មួយ បានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែមីនានេះថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងនិវត្តន៍ ពីទី ក្រុង ប៉េកាំង មកកាន់ មាតុភូមិវិញ នៅល្ងាចថ្ងៃទី២៥ ខែ មីនាឆ្នាំ២០១៤នេះ បន្ទាប់ពីបានយាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ។
ប្រភពដដែលបានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅម៉ោង ៣ : ៤៥ នាទី នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤នេះ តាមជើងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះមាតាជាតិខ្មែរ បានយាងចាកចេញពី ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ។ ព្រះអង្គទាំងទ្វេ បានស្តេចយាងទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ តាមការកំណត់ជាទៀងទាត់ របស់គ្រូពេទ្យចិន៕