ភ្លៀងទាំងព្រឹកព្រលឹមថ្ងៃនេះ ជាភ្លៀងកក់ខែ តែមានលក្ខណៈជាប្រព័ន្ធពីប្រទេសនានា
នាង/សារព័ត៌មាន Cambodia News/
ភ្នំពេញ(២១ មិនា ២០១៤)៖ ភ្លៀងមួយមេទាំងព្រឹកព្រលឹម ថ្ងៃទី២១ ខែមីនា នេះមន្ត្រីជំនាញខាងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គឺជាភ្លៀងកក់ខែ ដូចអ្វីដែលក្រសួង បានជូនដំណឹងកាលពីថ្ងៃទី១៧មីនា ប៉ុន្តែភ្លៀងនោះមានលក្ខណៈជាប្រព័ន្ធមកពីប្រទេសនានា។
-
មន្ត្រីជំនាញខាងលើបានឲ្យដឹងទៀតថា ភ្លៀងនេះ មិនមែនជាភ្លៀងក្នុងតែស្រុកយើងទេ បានន័យថា មិនមែនកើតឡើងដោយសារតែពពកក្នុងស្រុកទេ តែវាមានលក្ខណៈជាប្រព័ន្ធ។ ប៉ុន្តែសម្រាប់តែការកក់ខែនឹងឯង វាអត់មានបញ្ហាអ្វីជាការព្រួយបារម្ភទេ។
លោក ចាន់ យុត្ថា នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងពេលមានភ្លៀងកក់ខែនេះ អាចមានខ្យល់ខ្លាំង រប៉ើកដំបូលផ្ទះ តែអាជ្ញាធរ មិនទាន់មានរបាយការណ៍ពីគ្រោះថ្នាក់ជាយថាហេតុណាមួយនៅឡើយទេ។
លោក ចាន់ យុត្ថា បានបន្ថែមថា ភ្លៀងកក់ខែនេះ អាចមានរយៈពេលមួយថ្ងៃ ឬក៏ពីរថ្ងៃ នៅភ្នំពេញ។ តែចាប់ពីថ្ងៃនេះតទៅ ស្ថានភាពភ្លៀងកក់ខែ នឹងរាយប៉ាយជាបន្តបន្ទាប់ ទៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា រីឯសីតុណ្ហភាពនឹងថយចុះវិញ បន្ទាប់ពីភ្លៀងកក់ខែ៕