ឥណ្ឌា មិនគាំទ្រ ការដាក់ទណ្ឌកម្ម លើប្រទេស រុស្ស៊ី
សារព័ត៌មាន Cambodia News/
ឥណ្ឌា(២០ មិនា ២០១៤)៖ យោងតាមប្រភពព័ត៌មានពីទូរទស្សន៍ CNN-IBN ដែលបានដកស្រង់សម្តី រដ្ឋមន្ត្រីកិច្ចការក្រៅប្រទេស កាលពី ថ្ងៃពុធ កន្លងទៅនេះថា ប្រទេសឥណ្ឌា នឹងមិនគាំទ្រការដាក់ទណ្ឌកម្ម របស់ប្រទេស លោកខាងលិចប្រឆាំងរុស្ស៊ី ទាក់ទង នឹងបញ្ហាតំបន់ គ្រីមៀឡើយ លើកលែងតែការដាក់ទណ្ឌកម្មនេះ ត្រូវសម្រេចយល់ព្រមដោយក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh បានពិភាក្សាជាមួយប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin កាលពី ថ្ងៃពុធកន្លងទៅនេះ ទាក់ទងនឹងស្ថានភាពក្នុងប្រទេស អ៊ុយក្រែន។ លោក Singh បានបញ្ជាក់ម្តង ហើយម្តងទៀតពីសារ សំខាន់ នៃការរក្សាដែនអធិបតេយ្យភាព នៃប្រទេស អ៊ុយក្រែន បន្ទាប់ពីប្រជាជន គ្រីមៀ បោះឆ្នោតប្រកាសឯករាជ្យ ដោយ ផ្តាច់ ខ្លួនពីចេញប្រទេស អ៊ុយក្រែន ហើយបញ្ចូលទៅក្នុងប្រទេស រុស្ស៊ី។
តាមប្រភពព័ត៌មានពីសារព័ត៌មាន Hindustan Time បានឲ្យដឹងថា ជំហរបស់ឥណ្ឌាដែលជាទម្លាប់កន្លងមក មិន ចូលចិត្ត ជ្រៀតជ្រែកក្នុងប្រទេសដទៃផ្សេងទៀតឡើយ ស្របពេលដែល ឥណ្ឌាកំពុងមានទំនាក់ទំនងយ៉ាង ជិតស្និទ្ធ ជាមួយប្រទេស រុស្ស៊ី។ ក្នុងពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប បានគំរាមប្រទេសរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មទៅលើ ប្រទេស មួយនេះ ដែលបានដណ្តើមឧបទ្វីប គ្រីមៀ ពីប្រទេស អ៊ុយក្រែន ៕