ប្តីដកកាំភ្លើង បាញ់ប្រពន្ធមួយគ្រាប់ រួចបើកឡានគេចបាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៥ មិនា ២០១៤)៖ កាលពីម៉ោង ១២:៣០ រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១៥ ខែមីនា ប្តីប្រពន្ធមួយគួរ ឈ្លោះប្រកែកគ្នា នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលា បឹងត្របែក តាមបណ្តោយ ផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបុរសជាប្តី បានយកកាំភ្លើងបាញ់ពីរគ្រាប់ គំរាម បណ្តាលឲ្យត្រូវនារីជាប្រពន្ធមួយគ្រាប់ របួសត្រង់ ត្រគៀកខាងឆ្វេង។

មន្ត្រីកងរាជអាវុធហ្ថ បានឲ្យដឹងថា ស្ត្រីដែលប្តីរបស់ខ្លួន បាញ់នេះ ឈ្មោះសុខ ម៉ានិចរតនា អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកបុរសដែលបាញ់ប្រពន្ធខ្លួនឯង ឈ្មោះកែវ រតនា ហៅ ម៉ៅ អាយុ៣២ឆ្នាំ ជាទាហាន នៅដេអិន។
បើតាមសម្តីនារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ដំបូងប្តី-ប្រពន្ធគាត់ បានឈ្លោះប្រកែកគ្នា បន្ទាប់មកប្តីបានវាយប្រពន្ធបែកមុខ ហើយបានដកកាំភ្លើងខ្លី បាញ់ប្រពន្ធ ក្បែរគុម្ភត្រចៀកខាងឆ្វេង រួចបានយកកន្ត្រៃ មកកាត់សក់ចោល។ ប្រពន្ធក៏រត់ចេញក្រៅ ហើយក៏ត្រូវបានប្តី បាញ់មួយគ្រាប់ទៀត ចំត្រគៀកខាងឆ្វេងតែម្តង។
ក្រោយពេលកើតហេតុ បុរសជាប្តី បានបើករថយន្តម៊ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-9091 ចេញទៅបាត់។ ចំណែកនារីជាប្រពន្ធ ដែលរងរបួស បានមកដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថខណ្ឌចំការមន ឲ្យចាត់ការតាមផ្លូវច្បាប់៕