រកឃើញសារធាតុផ្សំផលិតគ្រឿងញៀនមួយកុងតឺន័រដែលនាំចូលពីប្រទេសចិន
កាលពីល្ងាចថ្ងៃទី ១៥ កក្កដា ២០១២ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានរកឃើញសារធាតុផ្សំផលិតគ្រឿងញៀនមួយកុងតឺន័រ ដែលនាំចូលពីប្រទេសចិនមកកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ប្រធានការិយាល័យប្រឆាំងការសំអាតប្រាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ទោ សាន ពុទ្ធី បានឲ្យដឹងថា សារធាតុផ្សំដែលសង្ស័យថា ជាសារធាតុផលិតគ្រឿងញៀននេះ នាំចូលពីប្រទេសចិន កាលពីខែមិនា ឆ្នាំ២០១២ ផ្ទុកក្នុងកុងតឺន័រមួយគ្រឿង ចំណុះ ៤០ ហ្វីត ដែលមានលេខ WHLU 415990 ក្នុងនោះមានការវេចខ្ចប់សារធាតុចម្រុះចំនួន ១២ មុខ ដូចជា កូស្ទីកសូដា កម្លាំង៩៩ភាគរយ ចំនួន ៨០ បាវ កូស្ទីកសូដា កម្លាំង៩៦ភាគរយ ចំនួន ១៧៥ បាវ ធុងដែកពណ៌ខៀវ មានផ្ទុកសារធាតុគីមីពេញ ចំនួន ១៦ ធុង ហាសសេអិល (អ៊ីដ្រូហ្សែនក្លររួ) ចំនួន ៦ បំពង់ ធុងដែកពណ៌ប្រផេះ ចំនួន ៥ ធុង ធុងជ័រពណ៌ខៀវ ចំនួន ១០ ធុង ធុងជ័រពណ៌ផ្ទៃមេឃ ៧ ធុង និងធុងជ័រតូចៗចំនួន ៨០ ធុង ដែលគ្រប់ធុងសុទ្ធតែមានផ្ទុកសារធាតុគីមីពេញៗទាំងអស់ ព្រមទាំងសារធាតុម្សៅក្នុងបាវមួយចំនួនទៀត។
សម្ភារៈទាំងអស់ត្រូវសមត្ថកិច្ចរក្សាទុក នៅក្នុងកំពង់ផែជាបណ្តោះអាសន្ន ហើយបានបញ្ជូនគំរូសារធាតុគ្រប់ប្រភេទ ទៅកាន់មន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ និងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕