តុលាការសម្រេចមិនឃុំខ្លួនលោក ណុប បាយ៉ារិទ្ឋ និង ម្តាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៦ មីនា ២០១៤)៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា តារាចម្រៀង លោក ណុប បាយ៉ារិទ្ឋ និង ម្តាយបង្តើត បានចូលឆ្លើយបំភ្លឺចំពោះមុខចៅក្រមស៊ើប សួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទគំរាមកំហែងហែកកេរ្តិ៍ មេធាវីម្នាក់ ។ ក្រោយបញ្ចប់ការសាកសួរលោកចៅក្រម អ៊ី ថាវរៈ បានសម្រេចអនុញ្ញាត ឲ្យពីរនាក់ម្តាយនិង កូនត្រឡប់ទៅផ្ទះវិញ ដោយពុំមានការឃុំខ្លួនឡើយ ។
មន្ត្រី តុលាការមួយរូបបានឲ្យដឹងថា ពីរនាក់ម្តាយនិងកូន ក្នុងនាមជនត្រូវចោទ បានទទួលស្គាល់នូវអង្គហេតុ ដែលត្រូវបានចោទប្រកាន់នេះ ហើយបច្ចុប្បន្នរឿងនេះ គូភាគីក៏បានធ្វើ ការសម្របសម្រួលគ្នាហើយដែរ ។
លោក ណុប បាយ៉ារិទ្ឋ និង ម្តាយបង្កើត ត្រូវបានតុលាការចោទប្រកាន់ពីបទគំរាម គំហែងហែកកេរ្តិ៍តាមមាត្រា២៧២ និង២៧៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យពី៤លានរៀល ដល់ ១០លានរៀល ប្រសិនបើតុលាការ រកឃើញថា បានប្រព្រឹត្ត ដូចការចោទប្រកាន់មែន ។
ពាក់ព័ន្ធ សំណុំរឿងនេះ ប្រភពព័ត៌មានពីមន្ត្រីតុលាការបានបង្ហើបឲ្យដឹងថា លោក ណុប ប៉ាយ៉ារិទ្ឋ បានជួលសំអាងការផ្ទាល់ខ្លួនមួយកន្លែងទៅឲ្យលោក មេធាវី ចេង រស្មីសេរីវង្ស ក្នុង តម្លៃ ១.៧០០ដុល្លារ ដោយបានបង់ប្រាក់កក់ចំនួន៥០០ដុល្លារ ។ ក្នុងនោះលោក ណុប បាយ៉ារិទ្ឋ បានសន្យាថា នឹងទៅច្រៀងនៅក្នុងកម្មវិធីមង្គលការ របស់ឈ្មោះ ចេង រស្មីសេរីវង្ស តែដល់ថ្ងៃកំណត់ លោក ណុប បាយ៉ារិទ្ឋ ពុំបានទៅតាម ការសន្យានោះទេ ។
ក្រោយមក ឈ្មោះ ចេង រស្មីសេរីវង្ស បានកាត់ប្រាក់ចំនួន៥០០ដុល្លារ ជាថ្លៃដែល លោក ណុប បាយ៉ារិទ្ឋ មិនបានទៅចូលរួមក្នុងកម្មវិធី ។ ផ្តើមចេញពីការកាត់ ប្រាក់ជំពាក់នេះ ធ្វើឲ្យលោក ណុប បាយ៉ារិទ្ឋ និងម្តាយបង្កើតឈ្មោះ សម សុកលសុធាវី មានការខឹងសម្បារជាខ្លាំង ទើបធ្វើការ គំរាមគំហែង និង បរិហារកេរ្តិ៍ តាម FaceBook តែម្តង៕