កិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិថៃប្រព្រឹត្តទៅដោយរលូន
សារព័ត៌មាន Cambodia News /
ថៃ(០៥ មីនា ២០១៤) ៖កាលពីម្សិលមិញនេះមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិ មួយបានធ្វើឡើង ដោយមានការចូលរួមពីខាងរដ្ឋាភិបាលលោកស្រីយីងឡាក់និងខាងមេទ័ពលោក ប្រាយុទ្ធ ចាន់អ៊ូចា ផងដែរ ហើយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅយ៉ាងរលូន បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងពួកក្រុមអាវក្រហមដែលគាំទ្រ រដ្ឋាភិបាល និងពួកប្រឆាំងដោយរួមមានទាំងពួកកងទ័ពដែរនោះ ។
ក្នុងនោះដែរមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា បានការពារខ្លួនឯង បន្ទាប់ពីមានការរិះគន់ និងបានចោទប្រកាន់លោកថាបំផុសឲ្យមានចលនាប្រឆាំងរដ្ឋាភិបាល ។
ក្រោយកិច្ចប្រជុំនេះបានបញ្ចប់អ្នកនាំពាក្យក្រសួងការពារជាតិលោក វរសេនីយ ប៉ាផាទីប សាវ៉ាងស៊ែង បានដកស្រង់សម្តីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថាលោកស្រីមិនគាំទ្រចំពោះការបំបែកប្រទេសថៃជាពីរទឹកដីឡើយ ហើយបើសិនជាធ្វើបែបនេះច្បាស់ណាស់គឺជាការរំលោភលើរដ្ឋធម្មនុញ្ញរបស់ ប្រទេស ។
លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរចំពោះអាជ្ញាធរ និងសន្តិសុខទាំងអស់ ជាពិសេសមេបញ្ជាប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់ប្រទេសថៃ ធ្វើយ៉ាងណាប្រឆាំងនឹងសកម្មភាពដែលថានឹងមានការបំបែកទឹកដីនេះ ។ អ្នកនាំពាក្យរូបនោះបន្តថា លើសពីនេះទៅទៀតលោកស្រីក៏បានថ្លែងអំណរគុណដល់ពួកយោធាដែលបានការពារ នៅក្នុងការបោះឆ្នោតជាសកលនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2014 ។
លោកស្រី ក៏បានកោតសរសើរដល់អង្គភាពយោធា នៅភាគខាងត្បូងផងដែរ បន្ទាប់ពីបានជួយគ្រប់គ្រងអំពើហឹង្សាដែលទាក់ទងនឹងការធ្វើកូបកម្ម និងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់នៅរក្សាភាពប្រក្រតី ជាបន្តទៀត ដើម្បីធ្វើការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី 30 ខែមីនា ឆ្នាំ 2014 ខាងមុខនេះ ដើម្បីឲ្យកាន់តែមានស្ថេរភាពថែមទៀតនៅក្នុងនយោបាយរបស់ប្រទេសថៃ ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំកងទ័ពជើងអាកាស នៅភាគខាងជើងនៃក្រុងបាងកក ។ កិច្ចប្រជុំនេះបានលើកយកបញ្ហាការកែទម្រង់ និងកិច្ចការពារបញ្ហានយោបាយ រួមទាំងលើកយកពីបញ្ហាការតវ៉ារបស់ PDRC ផងដែរ ៕