សម្តេចក្រុមព្រះ ជួបសមាជិកគាំទ្រ នៅថ្ងៃទី១៦ មីនា
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៣ មីនា ២០១៤) ៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ និងអតីតប្រធានរដ្ឋសភា គ្រោងនឹងជួបជាមួយសមាជិកគាំទ្រ ដែលធ្លាប់ស្មោះស្ម័គ្រជាមួយព្រះអង្គឡើងវិញ ក្រោយពីព្រះរាជបុត្ររបស់ ព្រះបរមរតនកោដ្ឋិ ប្រកាសយាងចូលក្នុងឆាកនយោបាយកាលពីចុងខែកុម្ភៈ កន្លងមកនេះ។
កាលពីល្ងាចថ្ងៃទី២ ខែមីនា អ្នកនាំពាក្យរបស់សម្តេចក្រុមព្រះ លោកប៉ែន សង្ហារ បានអោយដឹង ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងចូលរួមក្នុងពិធីជួបជុំសំណេះសំណាលមួយ ជាមួយសមាជិកគាំទ្រ ពីគ្រប់រាជធានីខេត្ត នៅព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ២០១៤ នៅសណ្ឋាគារ សាន់វ៉េ ដើម្បីប្រកាស ពីការយាងចូលឆាកនយោបាយជាថ្មី”។
ការប្រកាសចូលរួមក្នុងឆាក នយោបាយរបស់សម្តេចក្រុមព្រះ អតីតជាមេកើយ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិនោះ ត្រូវបានគេមើលឃើញថា ជាវត្តមានរបស់សែរាជវង្ស មួយអង្គដែលមានឥទ្ធិពល និងមិនអាចមើលរំលងបាន ពីសំណាក់អ្នកនយោបាយ និងប្រជារាស្ត្រខ្មែរ នៅក្នុង ប្រទេសកម្ពុជា៕