សារអ្នកស្រឡាញ់ភេទដូចគ្នាសម្រាប់ទិវាបញ្ឍប់ការរើសអើង១មីនា
ឆាយ សុផល
ភ្នំពេញ (១ មីនា ២០១៤)៖ “បើគ្មានការរើសអើង គ្មានការមាក់ងាយ និងមានតែក្តីស្រឡាញ់ នោះនាំឲ្យមានការអភិវឌ្ឍនិងមានសន្តិភាព” នេះជាសំដីម៉ាត់ៗរបស់សកម្មជនការងារលើកស្ទួយសិទ្ធិបុរសស្រឡាញ់បុរស និងក្រុមស្រីស្រស់ (ប្រុសៗតែងខ្លួនជាស្រី)។
ហ៊ន ប៊ុនវីរៈ មន្រ្តីសម្របសម្រួលគម្រោងបុរសស្រឡាញ់បុរសរស់នៅជាមួយមេរោគអេដស៍ របស់បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ប្រចាំកម្ពុជាបាននិយាយសម្រាប់ “ទិវាបញ្ឈប់ការរើសអើងថ្ងៃទី១ មីនា” ថា បច្ចុប្បន្ន ប្រជាជនកម្ពុជាភាគច្រើននៅមានអារម្មណ៍ប្រមាថមើលងាយដល់បុរសស្រឡាញ់បុរស ពិសេសប្រុសៗតែងខ្លួនជាស្រីដែលគេហៅថា ក្រុមស្រីស្រស់។
ប៊ុនវីរៈ បានបញ្ចាក់ថា ការរើសអើងដល់ក្រុមគោលដៅនេះមាននៅគ្រប់ស្ទើទីកន្លែងក្នុងប្រទេស សូម្បីតែនៅឯផ្ទះរបស់ខ្លួនក៏មានដែរ ដោយពួកគេខ្លះត្រូវបានសមាជិកគ្រួសារបណ្តេញចេញពីផ្ទះនិងរស់នៅឯកោ។ “នៅឯខាងក្រៅផ្ទះ ពួកគេត្រូវបានមិត្តភក្កិចំអកឡកលើយ។ នៅឯសាលារៀន មិនត្រូវបានគេយកចិត្តទុកដាក់។ នៅឯមណ្ឌលសុខភាពត្រូវបានគេប្រមាថ ខណៈដែលនគរបាលខ្លះធ្វើទុក្ខបុកម្នេញ។ ពេលខ្លះទៀត ពួកគេមិនត្រូវបានអនុញាតិឲ្យចូលក្នុងក្រុមការងារសង្គមទៀតផង”។
ដោយសារតែសង្គម និងផ្នត់គំនិតជាទូទៅរបស់ប្រជាជនកម្ពុជានៅមិនទាន់ទទួលស្គាល់ថា បុរសស្រឡាញ់បុរសនិងក្រុមស្រីស្រស់ដូចពលរដ្ឋដទៃ នោះនាំឲ្យពួកគេស្ថិតនៅក្នុងសភាពឯកោ ហើយប្រឈមនឹងការមាក់ងាយ ការប្រមាថ និងការរើសអើងទាំងនៅក្នុងគ្រួសារនិងនៅក្នុងសង្គម។
បើតាមការអង្កេតទូទៅ ការមាក់ងាយនិងការរើសអើងដល់ក្រុមគោលដៅនេះត្រូវបានគេមើលឃើញថា បានកើតមាននៅស្ទើរគ្រប់ទីកន្លែង ដូចជានៅផ្ទះ សាលារៀន សហគមន៍ កន្លែងធ្វើការ នៅមន្ទីរពេទ្យ ភោជនីយដ្ឋាន ទីផ្សារ និងទីសាធារណៈ ហើយសូម្បីតែនៅទីអារាមក៏មានដែរ ដោយសារតែការស្លៀកពាក់ ការនិយាយស្តី និងអកប្បកិរិយារបស់ពួកគេ។
នៅថ្ងៃទី ១ មីនា ឆ្នាំ ២០១៤ នេះ អ្នករៀបចំគោលនយោបាយ អ្នកបំពេញការងារនិងសកម្មជន ព្រមទាំងម្ចាស់ជំនួយដែលបំពេញការងារមេរោគអេដស៍/ជំងឺអេដស៍នៅជុំវិញពិភពលោកបានរួមគ្នាប្រារព្ធ “ទិវាបញ្ឈប់ការរើសអើង” ដោយផ្តោតលើសិទ្ធិមនុស្សគ្រប់រូប ដើម្បីរស់មានសិទ្ធិស្មើគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ។
ទិវានេះគឺជាឱកាសឲ្យមនុស្សគ្រប់រូបចេះស្រឡាញ់ យោគយល់ ផ្តល់ក្តីមេត្តា អត់ឱន និងមាន សិទ្ធិស្មើៗគ្នា បើទោះជាពួកគេមានភេទ ពណ៌សម្បុរ ជាតិសាសន៍ ជំនឿ សាសនាខុសៗគ្នា ឬក៏ចំណង់នៃការសឡាញ់ផ្សេងគ្នាក៏ដោយ។
បើតាមរបាយការណ៍របស់ភ្នាក់ងារសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំកម្ពុជាបានបង្ហាញថា ដោយសំអាងលើការមាក់ងាយនិងការរើសអើងអាចប៉ះពាល់ជិវិតមនុស្ស នោះទិវាបញ្ឈប់ការរើសអើងសូមអំពាវនាវដល់មនុស្សគ្រប់រូបឲ្យចេះ “បើកចិត្តឲ្យទូលាយ និងចេះជួយគ្នា” ដើម្បីផ្លាស់ប្តូរសហគមន៍ និងឈានទៅរកពិភពលោកមួយដែលមនុស្សមានសិទ្ធិស្មើគ្នា។
របាយការណ៍បានបន្តថា ដើម្បីឆ្លើយតបទៅនឹងជំងឺអេដស៍ គឺការរើសអើងដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមគោលដៅងាយរងគ្រោះនៃការឆ្លងមេរោគអេដស៍មិនមែនគ្រាន់តែជាបញ្ហាសិទ្ធិមនុស្សប៉ុណ្ណោះនោះទេ តែក៏ជាឧបសគ្គដ៏ចម្បងកាន់តែច្រើនចំពោះការទទួលបានសេវាព្យាបាលមេរោគអេដស៍របស់ពួកគេផងដែរ ហើយអាចប្រឈមនឹងការឆ្លងនិងចម្លងមេរោគអេដស៍បន្ថែមទៀត។
ចំណែកនៅកម្ពុជា របាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាលបានឲ្យដឹងថា អត្រាប្រវ៉ាឡង់នៃការឆ្លងមេរោគអេដស៍នៅក្នុងចំណោមបុរសស្រឡាញ់បុរសមាន ២,១% និងក្រុមស្រីស្រស់មាន ៩,៨%។ នេះជាអត្រាមួយមានកម្រិតខ្ពស់ ដែលតម្រូវឲ្យស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់នៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ខ្ពស់ និងចូលរួមកាត់បន្ថយការមាក់ងាយ និងការរើសអើងដល់ក្រុមគោលដៅនេះ។
ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តថា នៅឆ្នាំ ២០២០ ខ្លួននឹងសម្រេចបាននូវគោលនយោបាយ “៣សូន្យ” គឺ សូន្យនៃការឆ្លង មេរោគអេដស៍ថ្មី សូន្យនៃការស្លាប់ទាក់ទងនឹងជំងឺអេដស៍ និងសូន្យនៃការរើសអើង។
ហ៊ន ប៊ុនវីរៈ បានបញ្ជាក់ថា បុរសស្រឡាញ់បុរសនិងក្រុមស្រីស្រស់ក៏អាចចូលរួមអភិវឌ្ឍគ្រួសារ និងសង្គមជាតិបានដែរ តែការមាក់ងាយនិងការរើសអើងបានបន្ទុចបង្អាក់ពួកគេឲ្យនៅឯកោ និងបាត់បង់ឱកាសអភិវឌ្ឍសមត្ថភាពដើម្បីបម្រើគ្រួសារនិងសង្គម៕