ពលរដ្ឋជប៉ុនប្រមាណជាង ៨០ភាគរយ បារម្ភអំពីការផ្គត់ផ្គង់ចំណីអាហារ
សារព័ត៌មាន Cambodia News /
ជប៉ុន(២៥ កុម្ភៈ ២០១៤)៖ ៖ យោងតាមគេហទំព័រព័ត៌មានរបស់ជប៉ុន The Japan Times បានចុះផ្សាយនៅកាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៤ ថា ពលរដ្ឋជប៉ុនប្រមាណជាង ៨០ភាគរយ ពួកគេមានការព្រួយបារម្ភ ចំពោះការផ្គត់ផ្គង់ចំណីអាហារ សម្រាប់ពួកគេ នេះជាក្តីបារម្ភមួយសម្រាប់ពលរដ្ឋជប៉ុន ទៅលើសុវត្ថិភាពចំណីអាហារនោះ ។
ផ្អែកតាមការចុះស្រង់ទិន្នន័យ កាលពីខែមុន លទ្ធផលនៃការស្រាវជ្រាវឃើញថា ពលរដ្ឋប្រមាណ ៨៣ភាគរយ ពួកគេមានការព្រួយបារម្ភ នឹងការផ្គត់ផ្គង់ចំណីអាហារ ហើយនេះជាតម្រូវការផ្នែកចំណីអាហារ កាន់តែមានកម្រិតខ្ពស់បំផុត គិតចាប់តាំងពីការសាកសួរជាលើកដំបូង នៅក្នុងឆ្នាំ១៩៩០ គឺបានកើនឡើង ៦,៣ភាគរយ ធៀបនឹងការស្រង់ទិន្នន័យក្នុងឆ្នាំ២០០៦ កន្លងមកនេះ ។
តួលេខនៃអ្នកដែលមិនខ្វល់ខ្វាយ នឹងបញ្ហាចំណីអាហារវិញគឺមានត្រឹមតែ ១៥,៧ភាគរយប៉ុណ្ណោះ ។ ទាក់ទិននឹងបញ្ហាទាំងអស់នេះដែរ អ្នកដែលមានក្តីបារម្ភ ៨២,៤ភាគរយ មូលហេតុដោយសារតែការ ធ្វើស្រែចំការមានការថយចុះ ហើយកសិកជាអ្នកធ្វើស្រែក៏មានវ័យចាស់ដែរ ។
ប្រមាណ៦១,៥ភាគរយ កើតចេញពីហានិភ័យខ្ពស់ ដោយសារការច្រូតកាត់ទទួលបានផលតិច ដោយជំរុញការនាំចេញច្រើន ។ ម៉្យាងទៀត បញ្ហាប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ បានគំរាមកំហែងដល់ពិភពលោកយ៉ាងខ្លាំង ។ ទន្ទឹមនឹងនេះដែរ មានប្រមាណ៥២,៥ភាគរយ ពួកគេព្រួយបារម្ភនឹងហានិភ័យនៃការនាំចូល ដែលមានការប្រែប្រួលស្ថានភាពអន្តរជាតិនោះផងដែរ ៕