CPP ត្រៀមដាក់សមាសភាពក្នុងគណៈកម្មការចម្រុះឲ្យស្មើគ្នាជាមួយ CNRP
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២២ កុម្ភៈ ២០១៤)៖ កាលពីថ្ងៃទី២១ កុម្ភៈ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឲ្យថា គណបក្សកាន់អំណាចមួយនេះ ត្រៀមដាក់សមាសភាពបន្ថែមទៀត ក្នុងគណៈកម្មការចម្រុះឲ្យស្មើគ្នានឹងគណបក្សសង្គ្រោះជាតិ សម្រាប់កែទម្រង់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។
-
ការចរចា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅព្រឹទ្ធសភា សមាសភាពគណបក្សប្រជាជនកម្ពុជា រួមមាន លោក ព្រុំ សុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ។ ចំណែកសមាសភាពរបស់គណបក្សសង្គ្រោះជាតិ រួមមាន លោក សុន ឆ័យ លោក យ៉ែម បុញ្ញឫទ្ធិ និងលោកគួយ ប៊ុនរឿន។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រសិនបើគណបក្សប្រឆាំងមានបំណងចង់បញ្ចប់ជម្លោះនយោបាយនៅកម្ពុជា គណបក្សកាន់អំណាចមួយនេះ ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅកាន់គណបក្សប្រឆាំង ចំពោះការដាក់សមាសភាពបន្ថែមទៀត ក្នុងគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត។
ឆ្លើយតប នឹងករណីនេះ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោកបានផ្តល់ព័ត៌មានទៅគណបក្សប្រជាជនកម្ពុជារួចហើយ នៅថ្ងៃសុក្រ ម្សិលមិញ ទាក់ទឹងនឹងដាក់សមាសភាពក្នុងគណៈកម្មការចម្រុះនោះ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីចំនួនសមាសភាពអ្នកចូលរួមប្រជុំ ប៉ុន្មាននាក់នៅឡើយ។ តែលោកថា យ៉ាងយូរនៅសប្តាហ៍ក្រោយ នឹងមានការជួបចចារបន្តទៀត៕