ក្រសួងព័ត៌មាន គ្រោងនឹងធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅឆ្នាំ២០១៧
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ(២១ជ កុម្ភៈ ២០១៤)៖ ក្រោយពីបញ្ចប់កិច្ចជំនួបរវាងក្រុមការងារក្រសួងព័ត៌មាន និងគណៈកម្មការកិច្ចបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២០កុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានត្រូវបានក្រសួង ព័ត៌មាន ដែលមានការសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ គ្រោងនឹងធ្វើឲ្យហើយក្នុងរយៈពេលបីឆ្នាំដើម្បីរៀបចំតាក់តែងច្បាប់ មួយនេះឲ្យបានរួចរាល់នៅឆ្នាំ២០១៧ខាងមុខនេះ។
លោក ខៀវ កាញារីទ្ធបានបន្តថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានត្រូវបានគណៈកម្មការ របស់ក្រសួងព័ត៌មានកំពុងធ្វើការរៀបចំដែលនៅក្នុងនោះមានគណៈកម្មការ តាក់តែងសេចក្តី គណៈកម្មការខាងផ្នែកហិរញ្ញវត្ថុ និងគណៈកម្មការរៀបចំសិក្ខាសាលាដែលយើងគ្រោងនឹងរៀបចំតាក់តែងច្បាប់ នេះឲ្យហើយនៅឆ្នាំ២០១៧ខាងមុខនេះ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា អ្វីដែលជាការលំបាករបស់ក្រសួងព័ត៌មាននៅក្នុងការរៀបចំតាក់តែង សេចក្តីព្រាងច្បាប់មួយនេះពីព្រោះច្បាប់មួយនេះវាថ្មី ហើយបញ្ញាត្តិ និងទស្សនៈទានស្តីពីបញ្ហាច្បាប់នេះនៅមានកម្រិតនៅក្នុងចំណោម មន្ត្រីរបស់យើង ដែលយើងក៏នឹងត្រូវធ្វើការបែងចែកផងដែរថា ព័ត៌មានណាដែលអាចឲ្យបាន និងព័ត៌មានណាដែលមិនអាចឲ្យបាន៕