CNRP ព្រមានផ្អាកកិច្ចចរចា ជាមួយCPP
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២០ កុម្ភៈ ២០១៤) ៖ គណបក្សសង្គ្រោះជាតិ បានមព្រមានផ្អាកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បើគណបក្សកាន់អំណាចនេះ បន្តសកម្មភាពអុកឡុក រំខានវេទិកាសាធារណៈរបស់គណបក្សប្រឆាំងតទៅទៀត។
សេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅយប់ថ្ងៃ១៩ ខែកុម្ភៈ គណបក្សសង្គ្រោះជាតិ អំពាវនាវដល់គណបក្សប្រជាជនកម្ពុជា បញ្ឈប់ជាបន្ទាប់នូវការធ្វើសកម្មភាពយាយី និងរំខានពិធីជួបសំណេះសំណាលរបស់ខ្លួន ដូចដែលគណបក្ស បានជួបប្រទះកន្លង មក។
គណបក្សសង្គ្រោះជាតិ ចាត់ទុកការអុកឡុកវេទិកាសាធារណៈរបស់ខ្លួន ជាចេតនារបស់គណ បក្សប្រជាជនកម្ពុជា រារាំងដំណើរការចរចារបស់ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរ ក្នុងការរកដំណោះស្រាយដោយសន្តិវិធីនូវភាពជាប់គាំងនយោបាយក្នុងប្រទេស កម្ពុជាបច្ចុប្បន្ន។
កាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា វេទិកាចុះសំណេះសំណាលប្រជាពលរដ្ឋ នៅវត្តព្រៃត្បាល់ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង ត្រូវ បាន អាជ្ញាធរមូលដ្ឋានក្រោមការបញ្ជារបស់គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពអុក ឡុក ដោយចាក់មេក្រូរំខាន និងភ្ជង់កាំភ្លើងដល់អ្នកគាំទ្រខ្លួន៕