បណ្តាញយុវជន ជំរុញឲ្យមានការបោះឆ្នោតជាសកលសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ
សារព័ត៌មាន Cambodia News/
នៅថ្ងៃទី១៩ ខែកុម្ភៈ នេះ ក្រុមបណ្តាញយុវជនស្ម័គ្រចិត្ត សរុបចំនួន៥៧០នាក់ នៃអង្គការសមាគមយុវជន បានបើកសន្និសីទស្តីពីការប្រគល់លិខិតសំណូមពរ ដល់គណបក្សនយោបាយជាប់ឆ្នោតចំនួនពីរ ដើម្បីជំរុញឲ្យមានការកែប្រែការបោះឆ្នោតថ្នាក់ក្រោមជាតិ ទៅជាការបោះឆ្នោតជាសកល។
សេចក្តីថ្លែងការណ៍របស់YCC ឲ្យដឹងថា ក្រុមយុវជន បាននឹងកំពុងផ្សព្វផ្សាយអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី/ខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ និងស្នើសុំឲ្យប្រជាពលរដ្ឋ គាំទ្រក្នុងការជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បញ្ចូលយុវជនជាសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៤ និងកែប្រែប្រព័ន្ធបោះឆ្នោតបែបអសកល ទៅជាសកលសម្រាប់ការបោះឆ្នោតលើកក្រោយៗ។
លោក សុខ ពិទូរ្យ នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) មានប្រសាសន៍ថា ការបោះឆ្នោតថ្នាក់ក្រោមជាតិឆ្នាំនេះ ជាឱកាសល្អដែលគណបក្សទាំងពីរ ត្រូវបង្ហាញដល់យុវជនថា ខ្លួនពិតជាបានផ្តល់ឱកាសដល់យុវជន នៅក្នុងតួនាទីជាតំណាងប្រជាពលរដ្ឋ។
លោកបន្តថា ដើម្បីធ្វើឲ្យក្រុមប្រឹក្សាមានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងឲ្យប្រជាពលរដ្ឋសកម្មក្នុងការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន របស់ ខ្លួន ការបោះឆ្នោតថ្នាក់ក្រោមជាតិ គួរតែត្រូវឲ្យប្រជាពលរដ្ឋជាអ្នកបោះ ឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន សម្រាប់អាណត្តិក្រោយៗ៕