យីងឡាក់ អះអាងថា រដ្ឋនឹងរកប្រាក់កម្ចី សងថ្លៃទិញស្រូវកសិករ ឲ្យបាន ឆាប់រហ័ស
សារព័ត៌មានយុវវ័យថ្មី/

ថៃ(១២ កុម្ភៈ ២០១៤)៖ យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៤ បានចុះផ្សាយឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី (ចាំផ្ទះ) បានថ្លែងថា រដ្ឋាភិបាលមានការព្រួយបារម្ភ ចំពោះបងប្អូនប្រជាកសិករ ដែលកំពុងជួប ការលំបាក ក្នុងការប្រកបរបបកសិកម្ម សម្រាប់រដូវកាលដាំដុះថ្មីនេះ ដោយខណៈនេះ រដ្ឋកំពុងស្វះស្វែងរកប្រាក់កម្ចីពី ធនាគារក្នុង និង ក្រៅស្រុក ដើម្បីសង់ថ្លៃទិញស្រូវដល់ប្រជាកសិករ។
លោកស្រី យីងឡាក់ បានបញ្ជាក់ថាខណៈនេះរាជរដ្ឋាភិបាលមានការលំបាកនៃការស្វែងរកប្រាក់កម្ចី ព្រោះស្ថិតក្នុងអំឡុង ពេលរដ្ឋាភិបាលចាំផ្ទះ ក្នុងនោះតាមផ្លូវច្បាប់ មិនបានផ្តល់អំណាច ដល់រាជរដ្ឋាភិបាលក្នុងការកម្ចីប្រាក់នោះទេ។ប៉ុន្តែទោះបីជាយ៉ាងក្តី រដ្ឋនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីប្រជាកសិករថៃ ដើម្បីជួយកាត់បន្ថយការលំបាក៕