អ្នកគាំទ្រ ទ្រហោយំ បន្ទាប់ពីតុលាការបន្តឃុំខ្លួនមនុស្ស២១នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១២ កុម្ភៈ ២០១៤)៖ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ប្រជាពលរដ្ឋមកពីហគមន៍បឹងកក់ បុរីកីឡា អ្នកភូមិថ្មគោល និងបណ្តាញព្រះសង្ឃឯករាជ្យ ប្រមាណ ២០០នាក់ ប្រជាសហគមន៍ដីធ្លី បានទ្រហោរយំ បោកក្បាលនឹងការ៉ូឡា និងទាមទារឲ្យតុលាការដោះលែងអ្នកជាប់ឃុំទាំង២១នាក់នោះ ឲ្យមានសេរីភាពវិញ និងគ្មានលក្ខខណ្ឌ។
-
ការ ទ្រហោរយំ និងបោកក្បាលនឹងការ៉ូឡា បន្ទាប់ពីដឹងថាចៅក្រមសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន ប្រធានបណ្តាញកសិករ លោក ចាន់ ពុទ្ធិស័ក្ត សកម្មជនដីបឹងកក់នោះ និងកម្មករផ្សេងទៀត។
បច្ចុប្បន្ននេះ នៅសល់សកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន២១នាក់ទៀត កំពុងឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករ៕