ថ្ងៃបុណ្យក្តី ស្រឡាញ់ឆ្នាំនេះ ផ្កាកុលាបនៅប្រទេសចិនមានតម្លៃខ្ពស់
សារព័ត៌មាន Cambodia News /
ចិន(១០ កុម្ភៈ ២០១៤) ៖ គូស្នេហ៍ដែលបញ្ជាទិញផ្កាសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់នឹងត្រូវ ចំណាយប្រាក់ច្រើនជាងឆ្នាំ មុនដោយសារការធ្លាក់ព្រិលច្រើនហួសប្រមាណបណ្តាលឲ្យតម្លៃផ្កាកុលាប ក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិនកើនឡើង ខ្ពស់។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៤ បានឲ្យដឹងថាតម្លៃផ្កាកុលាបលក់រាយក្នុង ឆ្នានេះ មានតម្លៃចំនួន២០យុន ដែលស្មើនឹង ៣,៣ដុល្លារដោយតម្លៃនេះស្មើនឹងតម្លៃផ្កាឆ្នាំមុនទ្វេដង។
ទោះបីជា យ៉ាងនេះក្តី បណ្តាម្ចាស់ហាងនានា បានលើកឡើងថា ការកើនឡើងនូវតម្លៃផ្កានេះ មិនបានជួយដល់ការ រកស៊ីរបស់ពួកគេឡើយ ព្រោះអតិថិជននឹងកាត់បន្ថយចំនួនផ្កា ឬជ្រើសរើសទិញទំនិញផ្សេងទៀតជំនួសវិញសម្រាប់ ថ្ងៃបុណ្យ នៃក្តីស្រឡាញ់ដែលត្រូវនឹងថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ។ He Yuauhong ម្ចាស់ហាង ផ្កា Jing an បានលើកឡើងថាអតិថិជនភាគច្រើន មានការភ្ញាក់ផ្អើលចំពោះតម្លៃផ្កាដែលឡើងខ្ពស់បែបនេះ។ ពួកគេ អាចជ្រើសរើសផ្កាផ្សេង ដូចជាផ្កាលីលី ដើម្បីជំនួសផ្កាកុឡាប ឬវេចខ្ចប់ផ្កាក្នុង ចំនួនតិចជាងមុន។
ម្ចាស់ហាងរូបនេះបាន បន្តថា អតិថិជនឆ្នាំនេះភាគច្រើនបញ្ជាទិញផ្កាកុលាប១១ទង ដែលមានន័យថា ស្រឡាញ់ ពេញបេះដូង ឬ៣៣ទង ដែលមានន័យថា ស្រឡាញ់គ្នាជារៀង រហូត។ ប្រភពដដែលបានឲ្យដឹងថា កាលពីឆ្នាំមុន គាត់បាននាំចូលផ្ការហូតដល់ ១២.០០ ០ទងមុនថ្ងៃបុណ្យ ហើយអតិថិជនទិញអស់គ្មានសល់៕