កូរ៉េខាងត្បូង ប្រកាសធ្វើសមយុទ្ធយោធាជាមួយ អាម៉េរិក សប្ដាហ៍ក្រោយ
សារព័ត៌មាន Cambodia News/
សេអ៊ូល(៧ កុម្ភ៖ ២០១៤) ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចេញ ផ្សាយឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងចូលរួមធ្វើ សមយុទ្ធយោធា ជា មួយនឹងសហរដ្ឋអាម៉េរិក នៅសប្ដាហ៍ក្រោយ។ នេះបើយោងតាម ក្រសួងការពារជាតិបានឲ្យ ដឹងនៅថ្ងៃសុក្រ ជាការជូនដំណឹង ដល់កូរ៉េខាងជើង នូវកាលវិភាគមួយក្នុងរយៈពេលខ្លី។
អ្នកនាំពាក្យក្រសួងការពារជាតិលោក វី យុង សោព បានប្រាប់សន្និសីទសារព័ត៌មានថា កងយោធារួមគ្នា រវាងកូរ៉េខាងត្បូង និងអាម៉េរិក នឹងធ្វើការប្រកាសកាលវិភាគ នៅដើមសប្ដាហ៍ នេះ ដោយបាននិយាយថា កូរ៉េខាងជើងនឹងត្រូវ ជូនដំណឹងតាមរយៈ អង្គការសហប្រជាជាតិ ដែលបានបង្កើត ឡើងកន្លងមកនូវ កិច្ចព្រមព្រៀងឈប់បាញ់ ហើយឈានទៅ បបញ្ចប់សង្គ្រាម កូរ៉េ នៅក្នុងឆ្នាំ១៩៥០-១៩៥៣ នោះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើង បានជម្រុញ កូរ៉េខាងត្បូង ឲ្យផ្អាកកាលវិភាគធ្វើ សមយុទ្ធយោធាជាមួយអាម៉េរិក ដើម្បីជាថ្នូរនឹងការ ពិចារណាឡើងវិញចំពោះ ការជួបជុំនៃក្រុមគ្រួសារ ត្រូវបានបំបែកបំបាក់ ដោយសង្គ្រាមកូរ៉េ។
ប្រទេសកូរ៉េទាំងពីរ បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ កន្លងទៅនេះដើម្បី រៀបចំការជួបជុំក្រុម គ្រួសារ ទាំងពីរ ដែលនឹងចាប់ផ្តើម ធ្វើឡើងពីថ្ងៃទី២០ ដល់ទី២៥ ខែកុម្ភៈ នៅឯរមណីយដ្ឋាន នៅកូរ៉េខាងជើងមួយ តាមព្រំដែនមានឈ្មោះថា ភ្នំគុមហ្គាង។
នៅថ្ងៃពុធដែលនោះ នៅពេលដែលទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានប្រារព្ធកិច្ចពិភាក្សា ដើម្បី វែកញែកនូវ ព័ត៌មានលម្អិត អំពីការជួបជុំនេះ កងទ័ពអាកាសរបស់ សហរដ្ឋអាម៉េរិកបាន បើកយន្តហោះ ចម្បាំងនុយក្លេអ៊ែរ-B 52 នៅតំបន់សមុទ្រ ភាគខាងលិចប្រទេស កូរ៉េខាងត្បូង ដែលប្រការនេះបាន បង្កឱ្យមានប្រតិកម្ម ប្រឆាំងយ៉ាងខ្លាំងពី សំណាក់កូរ៉េខាងជើង៕ ប្រភព ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួលដោយ ៖ DAP)