ចិនផ្តល់រថយន្ដទាហាន២៦គ្រឿងដល់កម្ពុជា
សារព័ត៌មាន Cambodia News /
ភ្នំពេញ(៧ កុម្ភៈ ២០១៤)៖ ថ្លែងនៅក្នុងពិធីប្រគល់សម្ភារៈ និងរថយន្តយោធាដល់កងទ័ពកម្ពុជានាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នេះលោកស្រី Bu Janguo អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់នេះជាការបង្ហាញនូវការយកចិត្តទុកដាក់ដល់ការលើកកម្ពស់ ក៏ដូចជាការជួយសម្រួលដល់ការដឹកជញ្ជូនរបស់កងទ័ពកម្ពុជា ។
-
លោកស្រី Bu Janguo បានថ្លែងអះអាងទៀតថា ប្រទេសចិនដែលជាមិត្តដ៏ជិតស្និទរបស់កម្ពុជានឹងបន្តជួយកម្ពុជា លើផ្នែកផ្សេងទៀតៗជាពិសេសការពង្រឹងសមត្ថភាពយោធាដូចជាការផ្តល់ សម្ភារៈនានាជាដើម។
ជាមួយគ្នានោះ លោក នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជាបានថ្លែងអំណរគុណកងទ័ព រំដោះចិនដែលផ្តល់ជំនួយជាសម្ភារៈដល់កងទ័ពកម្ពុជា។ សម្ភារៈយោធាទាំងនោះរួមមានរថយន្ដទាហាន២៦គ្រឿង និងឯកសណ្ឋានយោធាចំនួន៣ម៉ឺនឈុត។
លោក ម៉ឹង សំផន ក៏បានចាត់ទុកការផ្តល់ជំនួយនេះថា ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើររវាងប្រទេសទាំងពីរថែម ទៀត។ ប្រទេសចិនត្រូវបានគេកត់សម្គាល់ថា បានផ្តល់ជំនួយជាសម្ភារៈយោធាច្រើនជាងគេដល់ប្រទេសកម្ពុជាក្នុង ចំណោមប្រទេសឯទៀតៗដែលក្នុងនោះក៏មានសហរដ្ឋអាម៉េរិកផងដែរ៕