លោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅឡាវ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(៦ កុម្ភៈ ២០១៤) ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅម៉ោង៨ព្រឹកនេះ ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតឡាវ រយៈពេល២ថ្ងៃ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងចុះហត្ថលេខាលើឯកសារចំនួន៧។
-
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោក ថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្ត្រីឡាវ ដោយប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូអមដំណើរ រួមមាន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីជូនព័ត៌មានដដែល បន្តថា អំឡុងពេលទស្សនកិច្ចផ្លូវការនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាការងារផ្លូវការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថងស៊ីង ថាំម៉ាវង្ស ហើយនឹងធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ ក្នុងនោះមាន អនុស្សា រណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល អនុស្សា រណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈសម្រាប់ឆ្នាំ២០១៤-២០១៧ ។
កិច្ចព្រមព្រៀង ស្តីពី វិស័យអប់រំ សម្រាប់ឆ្នាំ២០១៤-២០១៨ ផែនការកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ២០១៤ រវាងក្រសួមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពី ការបង្កើតអគ្គកុងស៊ុលរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចព្រមព្រៀងស្តីពី ការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទ។
សេចក្តីជូនព័ត៌មានដដែល ឲ្យដឹងទៀតថា ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសម្តែងការគួរសមជាមួយលោក ជួមម៉ាលី សៃញ៉ាសន ប្រធានរដ្ឋឡាវ និងលោកស្រី ប៉ានី យ៉ាថរទូ ប្រធានសភាជាតិឡាវ៕