ស៊ីនទ្រី ចាប់ផ្តើមប្រមូលសំរាមបណ្តើរៗ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(៦ កុម្ភៈ ២០១៤) ៖ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ និងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បុគ្គលិកកម្មករស៊ីនទ្រី បានចាប់ផ្តើមការងារប្រមូលសំរាមនៅកន្លែងមួយចំនួន តែកន្លែងភាគច្រើនទៀត គំនរសំរាមនៅតែមានដដែល ដោយនៅតាមផ្លូវ និងកន្លែងប្រជុំជន គំនរសំរាមទ្រង់ទ្រាយធំ និងធុំក្លិន នៅតែមានដដែល។ ចំណែកនៅខាងមុខផ្ទះមួយចំនួន គំនរសំរាម មិនទាន់ត្រូវបានប្រមូលនៅឡើយទេ។
-
ការ ចាប់ផ្តើមប្រមូលសំរាមនេះធ្វើឡើងបន្ទាប់ពីកាល បុគ្គលិកកម្មករស៊ីនទ្រីទាំងអស់ ព្រមទទួលយកប្រាក់បន្ថែមដែលក្រុមហ៊ុនស៊ីនទ្រី ផ្តល់ឲ្យជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិកកម្មករ ធ្វើកូដកម្មអស់រយៈពេល ៤ថ្ងៃ ទាមទារប្រាក់ឈ្នួល និងអត្ថប្រយោជន៍ការងារមួយចំនួន។
ក្រោយពីបានប្រជុំពិភាក្សា ស្តីពី ការងារដោះស្រាយករណីវិវាទការងារ របស់ក្រុមហ៊ុន ស៊ីនទ្រី តំណាងក្រុមហ៊ុនស៊ីនទ្រី និងតំណាងកម្មករបានឯកភាពគ្នានូវចំណុចមួយចំនួនដូចជា ការបញ្ឈប់ការកាត់ប្រាក់តម្កល់ថ្លៃកាត់សម្លៀកបំពាក់បុគ្គលិកកម្មករ , ក្រុមហ៊ុនរៀបចំបន្ទប់ និងពេទ្យប្រចាំការនៅទីស្នាក់ការកណ្តាល, និងផ្តល់របបសន្តិសុខសង្គម។ តែទោះជាយ៉ាងណា នៅ៥ចំណុចទៀតដែលបុគ្គលិកមិនទាន់ទទួលយក។
ក្រោយពី កិច្ចប្រជុំ បុគ្គលិកកម្មករខ្លះទទួលបានប្រាក់បន្ថែមពី ៥ដុល្លារ ទៅ២០ដុល្លារ ដោយផ្អែកទៅតាមតួនាទីរបស់កម្មករដូចជា កម្មករបោសសម្អាត, កម្មករអូសរទេះ និងកើបសំរាមពេលថ្ងៃ, កម្មករអូសរទេះ និងកើបពេលយប់ អ្នកបើកបរពេលថ្ងៃ អ្នកបើកបរពេលយប់ និងជាងជួសជុលរថយន្ត៕