ភ្នំពេញក្លាយជាកន្លែងចាក់សំរាម ខណៈបុគ្គលិកប្រមូលសំរាមកំពុងធ្វើកូដកម្ម
សារព័ត៌មាន Cambodia News /

ភ្នំពេញ(៤ កុម្ភៈ ២០១៤) ៖ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម បានបញ្ចប់ និងខណៈបុគ្គលិកប្រមូលសំរាម កំពុងធ្វើកូដកម្ម នៅពីព្រឹកថ្ងៃអង្គារនេះ គេសង្គេតឃើញថា នៅតាមផ្លូវមុខផ្ទះ និងកន្លែងលក់ដូរប្រជុំជននៅរាជធានីភ្នំពេញមួយចំនួន សំរាម ត្រូវបានដាក់ពាសវាលពាសកាល ដូចជានៅតាមផ្លូវប៉ាស្ទ័រ(ផ្លូវ៥១) នៅម្តុំផ្សារថ្មី និងនៅផ្សារតាប៉ាង ជាដើម។
- ចាប់ពី យប់ថ្ងៃទី០២ខែកុម្ភៈ នៅចំណតឡានដឹកសំរាមក្រុមហ៊ុន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីប្រមាណ ៤០០នាក់ បានធ្វើកូដកម្ម។ ពួកគេ ប្រកាសថា នឹងបន្តធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ការងារ រហូតដល់មានដំណោះស្រាយសមស្រប ដែលអាចទទួលយកបាន បន្ទាប់ពីការចរចាកាលពីថ្ងៃចន្ទ មិនទទួលបានលទ្ធផល។
លោក ប្រាក់ សុខា តំណាងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី បានឲ្យដឹងថា ការចរចាកាលពីថ្ងៃចន្ទម្សិលមិញ តំណាងបុគ្គលិក បានទាមទាឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែគោលពី១៥០ ទៅ២០០ដុល្លារក្នុងមួយខែ និងទាមទារអត្ថប្រយោជន៍ការងារមួយចំនួន តែត្រូវបានតំណាងក្រុមហ៊ុនបដិសេធ ដោយសម្រេចដំឡើងប្រាក់ខែឲ្យបុគ្គលិកម្នាក់ៗចំនួន ១៥ដុល្លារលើប្រាក់ខែបច្ចុប្បន្ន ដែលបុគ្គលិកខ្លះទទួលបានពី៦៥ដុល្លារទៅ១២០ដុល្លារ៕