លោក ផៃ ស៊ីផាន៖ រាជរដ្ឋាភិបាល មិនបារម្ភចំពោះបណ្តឹងក្រុមយុវជន
សារព័ត៌មាន Cambodia News /
ភ្នំពេញ(០៣ កុម្ភៈ ២០១៤) ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ ក្រុមយុវជនបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមបទចោទប្រកាន់កាត់ទឹក ដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុងទៅឲ្យវៀតណាម។
ការប្តឹង របស់ក្រុមយុវជន ទៅសាលាដំបូងរាជធានីភ្នំពេញ លើលោក ហ៊ុន សែន ត្រូវបានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ថា ជាសិទ្ធរបស់បុគ្គល ហើយរាជរដ្ឋាភិបាល ក៏មិនព្រួយបារម្ភ ឬខ្វាយខ្វល់លើផងដែរ ពីបណ្ដឹងនេះ។
-
យោង តាមគេហទំព័តព័ត៌មានដើមអម្ពិល បានឲ្យថា លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា «ការប្ដឹង គឺជាសិទ្ធរបស់បុគ្គល ដូច្នេះការ ប្រើប្រាស់ដែនសមត្ថកិច្ចរបស់តុលាការ គឺជាសិទ្ធរបស់គេ សម្រាប់រាជរដ្ឋាភិបាល យើងឈរជាគ្រឹះយ៉ាងមាំក្នុងកិច្ច ការការពារបូរណភាពទឹកដី ស្របទៅតាមច្បាប់»។
សូមបញ្ជាក់ថា នេះជាករណីទី២ហើយ ដែលយុវជនបានប្រើប្រាស់តួនាទីរបស់ខ្លួនជាយុវជនស្នេហាជាតិ ប្ដឹងទៅ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ក្រោមបទចោទប្រកាន់ផ្សេងៗគ្នា។ គេនៅចាំបានថា លោក សួង សុភ័ណ្ឌ យុវជនមកពីគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្ដឹងសម្តេចតេជោម្តងមកហើយ ពីបទឃាតកម្មគិតទុកជា មុន ក្នុងករណីមនុស្សរត់ជាន់គ្នាលើស្ពានពេជ្រ ដែលបណ្តាលឲ្យមនុស្ស ៣៥៣នាក់ស្លាប់ កាលពីឆ្នាំ២០១១។
ថ្លែងនៅ ចំពោះអ្នកកាសែតមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ លោក នាង សុឃុន ប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ បាននិយាយថា «ខាងតុលាការ បានទទួលយកពាក្យបណ្ដឹងរបស់លោកហើយ ប៉ុន្តែចំពោះការឆ្លើយតបបែបណាពីខាងតុលាការនោះ លោកនៅ មិនទាន់ទទួលបានចម្លើយនៅឡើយទេ តែខ្ញុំបញ្ជាក់ថា ប្រសិនបើតុលាការមិនរកដំណោះស្រាយលើពាក្យបណ្ដឹង នេះទេ ខ្ញុំនឹងដឹកនាំក្រុមយុវជនធ្វើបាតុកម្មប្រឆាំងនឹងតុលាការ»៕