ក្រសួងអប់រំ នឹងមានវិធានការរឹបអូសយកសៀវភៅសិក្សាគោល “ហាមលក់”
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៣ កុម្ភៈ ២០១៤) ៖ យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី៣១ ខែមករាចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានឲ្យដឹងថា ចាប់ពីដើមខែកុម្ភៈនេះតទៅក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថាប័នមានសមត្ថកិច្ចនឹងចុះតាមទីផ្សារ បណ្ណាគារ និងតូបលក់សៀវភៅនានាដើម្បីរឹបអូសយកសៀវភៅសិក្សាគោល ឬសៀវភៅពុម្ពដែលមានសរសេរនៅលើក្របថា “ហាមលក់” និង “កម្មសិទ្ធិរបស់រដ្ឋ”។
- កន្លងមក ក្រសួងបានចេញសេចក្តីណែនាំសេចក្តីជូនដំណឹង និងបោះពុម្ពផ្សាយផ្ទាំងរូបភាពផ្សេងៗដែលមានខ្លឹមសារទប់ស្កាត់ការ លក់-ទិញសៀវភៅសិក្សាគោលដែលមានសរសេរនៅក្របថា “ហាមលក់” និង “កម្មសិទ្ធិរបស់រដ្ឋ” យ៉ាងណាក៏ដោយក៏បច្ចុប្បន្នក្រសួងសង្កេតឃើញថា សៀវភៅសិក្សាគោលប្រភេទនេះនៅមានដាក់លក់តាមទីផ្សារ បណ្ណាគារ និងតូបលក់សៀវភៅនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ការលក់-ទិញសៀវភៅសិក្សាគោលដែលមានសរសេរនៅលើក្របថា “ហាមលក់” និង “កម្មសិទ្ធិរបស់រដ្ឋ” គឺ ជាអំពើខុសច្បាប់បង្កឲ្យមានផលអវិជ្ជមានដល់ការងារអប់រំយ៉ាង ខ្លាំង។ អាស្រ័យហេតុនេះសូមអាជីវករ និងសាធារណជនទាំងអស់ មេត្តាជ្រាប និងឈប់លក់-ទិញសៀវភៅសិក្សាគោលដែលមានសរសេរនៅលើក្របថា “ហាមលក់” និង “កម្មសិទ្ធិរបស់រដ្ឋ” ជាបន្ទាន់៕