អាមេរិកព្រួយបារម្ភចំពោះការពន្យាពេលដោះស្រាយបញ្ហាអាវុធគីមី
សារព័ត៌មាន Cambodia News/
-
អាមេរិក(០៣ កុម្ភៈ ២០១៤) ៖ ក្រោយពីកិច្ចពិភាក្សាលើបញ្ហាអាវុធគីមីរបស់ស៊ីរីត្រូវបាន ពន្យាពេល រដ្ឋមន្ដ្រីក្រសួងការពារជាតិអាមេរិកលោកចាក ហាហ្គែល (Chuck Hagel) បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការពន្យាពេលនេះ។
លោក Hagel ប្រាប់ដល់អ្នកសារព័ត៌មានក្នុងទីក្រុង Warsaw ថា លោកមិនយល់នោះទេថាតើមានមូលហេតុអ្វីដែលជំរុញឱ្យរដ្ឋាភិបាលស៊ីរី ធ្វើបែបនេះ។ ប្រសិនបើរដ្ឋាភិបាលអសមត្ថភាពនៅក្នុងការដោះស្រាយហេតុអ្វី បានជាស៊ីរីតែងតែនៅពីក្រោយរាល់ពេលធ្វើការពិភាក្សាដូច្នេះពួកគេ ត្រូវតែធ្វើការប៉ះប៉ូវក្នុងការដោះស្រាយបញ្ហាអាវុធ គីមីដ៏រាំរ៉ៃនេះ។
ថ្លែងប្រាប់ទៅរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញលោកTomasz Siemoniak លោកChuck Hagel បានបញ្ជាក់ដែរថា ការព្រួយបារម្ភរបស់អាមេរិកលើកនេះ គឺពិតជាខ្លាំងខ្លាណាស់ដោយអាមេរិកយល់ថា ប្រទេសស៊ីរីផ្ទាល់គឺជាអ្នកនៅពីក្រោយការចែកចាយសព្វាវុធគីមី។ ដូច្នេះរដ្ឋាភិបាលរបស់ស៊ីរីត្រូវតែមានការទទួលខុសត្រូវ និងត្រូវគោរពចំពោះការប្ដេជ្ញារបស់ខ្លួន ក្នុងការធ្វើឱ្យស្ថានភាពបានល្អប្រសើឡើងវិញ៕