អ្នកភូមិបឹងកក់ប៉ះទង្គិចពាក្យសំដីគ្នាពេលអាជ្ញាធរចុះវាស់វែងដីធ្លី
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២៣ មករា ២០១៤)៖ ប្រជាសហគមន៍បឹងកក់ពីរក្រុមប៉ះពាក្យសំដីគ្នានៅពេលអាជ្ញាធររាជធានី ភ្នំពេញចុះទៅវាស់វែងដី ធ្វើប័ណ្ណកម្មសិទ្ធិដោយសារមានការចោទប្រកាន់ថា ការវាស់វែងនោះមិនមានតម្លាភាព ឬប្រកាន់បក្ខពួក។
នៅ ព្រឹកថ្ងៃទី២៣ ខែមករានេះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីទៅវាស់វែងដីក្នុងភូមិ២២ក្នុងតំបន់បឹងកក់ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥គ្រួសារតាម គោលការណ៍ ដែលផ្តល់ឲ្យក្នុងទំហំដី៤គុណ១៨ម៉ែត្រ។
តែពេលវាស់វែងនោះ ត្រូវប្រជាសហគមន៍បឹងកក់មួយក្រុមទៀត ដែលដឹកនាំដោយអ្នកស្រី ទេព វន្នី ចេញមុខជំនាស់ក្រោមហេតុផលថា សាលារាជធានីភ្នំពេញធ្វើការមិនច្បាស់លាស់អាចមានការបន្លំឈ្មោះ ហើយម្យ៉ាងទៀតការវាស់វែងនោះលម្អៀង គឺវាស់ឲ្យតែអ្នកដែលមិនបានចេញមុខតវ៉ា។
ចំណែកប្រជាសហគមន៍ ដែលទទួលបានដីនៅខាងក្រុមអ្នកស្រី លីមុំ អះអាងថា ពួកគាត់ជាម្ចាស់ដីត្រូវទទួលបានដីចំណែកនៅទីនោះ បើទោះបានចូលរួមតវ៉ាតិចច្រើនក៏ដោយ។
អភិបាលរងរាជធានី ភ្នំពេញលោក ឃួង ស្រេង ថ្លែងថា ការចុះវាស់វែងនោះ មិនមានប្រកាន់បក្ខពួកទេ គឺដោះស្រាយជំហានតែប៉ុណ្ណោះ។ លោក បញ្ជាក់ថា សាលារាជធានី នឹងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅទំបន់នោះឲ្យបានទាំងអស់ គ្នា តែត្រូវការពេលធ្វើតាមដំណាក់កាល៕