កុល ដាវី បដិសេធព័ត៌មានថា មានអ្នកឧបត្ថម្ភឲ្យបើកហាង
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៣ មករា ២០១៤)៖ ចំពោះការលើកឡើងនេះ កុល ដាវី ឆ្លើយតបថា “ខ្ញុំជាអ្នកសិល្បៈយូរហើយ មានរឿងអីដែលមិនអាចរកលុយសល់ខ្លះសម្រាប់ទុករកស៊ីនោះ ហើយលុយនេះ ខ្ញុំបានសន្សំទុកវាជាយូរណាស់មកហើយ មិនមែនទើបតែរកវាបានក្នុងមួយឆ្នាំចុងក្រោយនោះទេ។
លុយ ដែលខ្ញុំយកមករកស៊ី គឺគ្មានពាក់ព័ន្ធ នឹងលុយរបស់អ្នកណាទាំងអស់ ហើយរបរមួយៗក៏មិនមែនខ្ញុំធ្វើតែម្នាក់ឯងដែរ ដូចជាការបង្កើតវង់តន្ត្រី ខ្ញុំចូលទុនជាមួយលោក សុខ រក្សា រីឯរបរទីពីរខ្ញុំចូលទុនជាមួយមិត្តភ័ក្តិប្រុសរបស់លោក សុខ រក្សា ដូច្នេះវាពិតជាគ្មានបញ្ហាអ្វីនោះទេសម្រាប់ការបង្កើតមុខរបរទាំងពីរ នេះ” ។
ពាក់ព័ន្ធនឹងការបើកមុខរបររកស៊ីនេះ កុល ដាវី បានសម្តែងនូវអារម្មណ៍ត្រេកអរថា ខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលដែលក្តីស្រមៃរបស់ខ្ញុំវាបានលេចចេញជាការពិត ដូច្នេះហើយ បានជាខ្ញុំនឹកភ្នកថា ចាប់តាំងពីខ្ញុំចាប់ផ្តើមដើរជាមួយលោក សុខ រក្សា មក គឺជីវិតរបស់ខ្ញុំហាក់ដូចជាមានហុងស៊ុយណាស់ ព្រោះគិតអ្វីក៏បានសម្រេចដែរ” ។
ទោះជាមានការលើកសរសើរដូច្នេះ ក្តីតែ កុល ដាវី នៅតែរក្សារជំហររបស់នាងដដែលថា រវាងនាង និងលោក សុខ រក្សា គឺមិនមានរឿងស្នេហាកើតឡើងនោះទេ។ បើទោះជានាងខំព្យាយាមលើកឡើងបែបនេះក៏ដោយ ក៏មានទស្សនិកជនមួយចំនួនមិនជឿថា អ្នកទាំងពីរមិនមានចិត្តស្រលាញ់គ្នានោះដែរ ព្រោះជារឿយៗ អ្នកទាំងពីរបានបង្ហាញនូវសកម្មភាពមួយចំនួនស្និទ្ធស្នាលនឹងគ្នា ហួសពីលក្ខណៈមិត្តភាពធម្មតា។ ទស្សនិកជននឹងរង់ចាំមើលថា តើសកម្មភាពទាំងនោះ គ្រាន់តែជាមិត្តភ័ក្តិធម្មតាៗដូច កុល ដាវី និយាយ មែនឬក៏យ៉ាងណា៕