ក្រុមកសិករថៃ គ្រោងនឹងធ្វើដំណើរ ឆ្ពោះមកទីក្រុង បាងកក ដើម្បីទម្លាក់ រាជរដ្ឋាភិបាល
សារព័ត៌មាន Cambodia News /
ថៃ(២២ មករា ២០១៤)៖ យោងតាមគេហទំព័រ ឌឹណេសិន របស់ថៃ ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោក កេតទីសាក់ រតនាវ៉ារ៉ាហា ប្រធានបណ្តាញកសិករ ខេត្តភាគខាងជើង កាលពីថ្ងៃអង្គារថា «យើងនឹងប្រមូល គ្រឿងចក្រកសិកម្មរាប់រយគ្រឿង ដើម្បីធ្វើដំណើរទៅទីក្រុង បាងកក»។
ក្រុមកម្មករថៃ ក្នុងខេត្តពិតចិត្ត គ្រោងនឹងធ្វើដំណើរឆ្ពោះមកទីក្រុង បាងកក នៅសប្តាហ៍នេះ ក្នុងគោលបំណងចុង ក្រោយ គឺបណ្តេញរាជរដ្ឋាភិបាលលោកស្រី យីងឡាក់ ចេញ ដោយពួកគេបានស្តីបន្ទោសថា រាជរដ្ឋាភិបាលបានពន្យារពេល បង់ប្រាក់ ក្នុងការទិញស្រូវរបស់ពួកគាត់ ។
ក្រុមកសិករ និងអ្នកគាំទ្រគណៈកម្មាធិការ កំណែទម្រង់ ប្រជាធិបតេយ្យប្រជាជន ដែលជាក្រុមប្រឆំាង រាជរដ្ឋាភិបាល (PDRC) បានសម្រេចចិត្តបញ្ឈប់ ការធ្វើដំណើររបស់ពួកគេ នៅត្រឹមខាងមុខសាលាខេត្ត ពិតចិត្ត បន្ទាប់ពីរាជរដ្ឋាភិបាលបរាជ័យ ក្នុង ការឆ្លើយតបជាវិជ្ជមាន ចំពោះការចំណាយលើការទិញស្រូវរបស់ពួកគេ។
ដំបូងឡើយ ក្រុមកសិករទំាងនោះ បានប្រមូលផ្តុំគ្នា នៅតែក្នុងខេត្ត ពិតចិត្តតែប៉ុណ្ណោះ ដើម្បីទាមទារប្រាក់ថ្លៃស្រូវរបស់ពួកគេ ដែលរាជរដ្ឋាភិបាលបានសន្យា កាលពីប៉ុន្មានខែមុន ក្រោមគម្រោងសន្យាទិញស្រូវ របស់រាជរដ្ឋាភិបាល ប៉ុន្តែរាជរដ្ឋាភិបាលថៃ បានបន្តពន្យារពេល សម្រាប់ការទូទាត់នេះ ទើបក្រុមកសិករទំាងនោះ សម្រេចចិត្តធ្វើដំណើរមកទីក្រុង បាងកកតែម្តង៕ ប្រែសម្រួលដោយ៖ (DAP)