សាលារាជធានីភ្នំពេញ ព្រមានទប់ស្កាត់ បើមានការហែរក្បួននៅថ្ងៃប្រារព្ធខួបសពលោកជា វិជ្ជា
សារព័ត៌មាន Cambodia News /
ភ្នំពេញ(២០ មករា ២០១៤)៖ សាលារាជធានីភ្នំពេញ ព្រមានថា នឹងចាត់វិធានការទប់ស្កាត់ ប្រសិនបើថ្នាក់ដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅតែប្រកាន់គោលជំហរហែក្បួន ដើម្បីគម្រប់ខួប ១០ឆ្នាំ នៃការស្លាប់របស់អតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា នៅថ្ងៃទី២២ខែមករា ខាងមុខនេះ។
នៅថ្ងៃទី២០ ខែមករានេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ លោក ជា មុនី ប្រារព្ធខួប១០ឆ្នាំសពលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅមុខវត្តលង្ការ ប៉ុន្ដែហាមមិនឲ្យមានការហែក្បួនឡើយ ដោយខ្លាចប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ចរាចរណ៍ ឬបញ្ហាណាមួយកើតឡើងជាយថាហេតុ។
លោកថា ប្រសិនបើសហជីពសេរីកម្មករ នៅតែប្រកាន់ជំហហែក្បួន នោះសាលារាជធានីភ្នំពេញ នឹងមានវិធានការទប់ស្កាត់។ ទាក់ទងនឹងបញ្ហានេះ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី នៅតែប្រកាន់ជំហរហែក្បួនដដែល បើទោះបីជាសាលារាជធានីភ្នំពេញ ហាមឃាត់មិនឲ្យហែក្បួនដើម្បីគោរពវិញ្ញាណក្ខន្ធសពលោកជា វិជ្ជា ក៏ដោយ។
បើតាម លោកជា មុនី កម្មវិធីនេះ ចាប់ផ្ដើមនៅម៉ោង៨ព្រឹក ដោយមានអ្នកចូលរួមប្រមាណ១៥០នាក់ ហែក្បួនពីទីស្នាក់ការកណ្តាលរបស់សហជីព ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ឆ្ពោះទៅកាន់រូបសំណាក់លោក ជា វិជ្ជា ស្ថិតនៅច្រមុះជ្រូកខាងលិចវិមានឯករាជ្យ និងខាងត្បូងវត្តលង្ការ ហើយមានការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ដោយ និមន្ដព្រះសង្ឃសូត្រមន្ដ និងបំពាក់កម្រងផ្កាលើរូបសំណាក់លោក ជា វិជ្ជា។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលដែលលោកកំពុងឤនសារព័ត៌មាន នៅមុខតូបលក់កាសែតមួយ ជាប់នឹងរបងវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤៕