នៅសប្តាហ៍ក្រោយលោក ហ៊ុន សែន នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន
នៅថ្ងៃអង្គារ ទី១០ កក្កដា ២០១២ខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងជួបរដ្ឋមន្ត្រីការបរទេសចិន លោក យ៉ាង ជាឆឺ (Yang Jiechi) រួមទាំងរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាចជាច្រើនទៀត ត្រូវចូលរួមក្នុងកិច្ចប្រជុំ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងវេទិកាតំបន់អាស៊ាន នាសប្តាហ៍ក្រោយ នៅរាជធានីភ្នំពេញ។
នៅក្នុង ជំនួបរវាងលោក ហ៊ុន សែន និងលោក យ៉ាង ជាឆឺ ត្រូវគេរំពឹងថា នឹងនិយាយអំពីបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលគេយល់ថា នឹងកាន់តែរឹងមាំថែមទៀត។
បញ្ហាសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះរវាងប្រទេសចិន និងប្រទេសសមាជិកអាស៊ានផ្សេងទៀត រួមមាន៖ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងប្រ៊ុយណេ ក៏ស្ថិតក្នុងរបៀបវារនៃកិច្ចប្រជុំ នៅសប្តាហ៍ក្រោយ នៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញផងដែរ ដើម្បីឈានទៅដោះស្រាយជម្លោះដោយសន្តិវិធីលើជម្លោះសមុទ្រចិនខាងត្បូង ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន នឹងចុះហត្ថលេខាស្តីពីអនុស្សារណៈនៃការយោគយល់គ្នារវាងអាស៊ាន និងចិន លើសន្ធិសញ្ញា ស្តីពី តំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ នាថ្ងៃទី១០ កក្កដា ២០១២ខាងមុខនេះ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីការបរទេសចិន ក៏នឹងចូលរួមប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី១១ កក្កដា ឆ្នាំ២០១២ សម្រាប់វេទិកាតំបន់អាស៊ាន ដែលមានរដ្ឋមន្ត្រីអាស៊ាន ១០ ប្រទេស និងរដ្ឋមន្ត្រីការបរទេស ចំនួន ១៧ ប្រទេសផ្សេងទៀត បូករួមទាំងចិន និងអាមេរិក ផងនោះ នឹងជួបប្រជុំ នៅថ្ងៃទី១២ កក្កដា ២០១២ នៅវិមានសន្តិភាព៕