លោក ហ៊ុន សែន ៖ ការទាមទារឡើងប្រាក់ខែកម្មករ ដល់ ១៦០ ដុល្លារ គឺមិនអាចទៅរួច
សារព័ត៌មាន Cambodia News /

កណ្តាល(១៤ មករា ២០១៤) ៖ ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានជ្រៃធំ-ឡុងប៊ិញ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនកម្ពុជា-វៀតណាម កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការទាមទារឡើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ រហូតដល់ ១៦០ ដុល្លារ នៅពេលនេះ គឺមិនអាចទៅរួចទេ។
លោក ហ៊ុន សែន បន្តថា ការតម្លើងប្រាក់ខែកម្មករ ត្រូវធ្វើទៅតាមលទ្ធភាព ហើយកម្ពុជា បើធៀបនឹងឥណ្ឌា និងបង់ក្លាដេស គឺប្រាក់ខែកម្មករកម្ពុជា ឡើងខ្ពស់ជាង ដោយលោក ហ៊ុន សែន បានប្រៀបធៀបកម្មកររោងចក្រ នៅវៀតណាម មានប្រាក់ខែជាមធ្យមតែជាង ២ លានដុង ដែលស្មើប្រមាណ ១០០ ដុល្លារអាមេរិក ចំណែកប្រាក់ខែកម្មករកម្ពុជាយើងសព្វថ្ងៃ ទទួលបាន ១០០ ដុល្លារ គឺច្រើនជាងឥណ្ឌា និងបង់ក្លាដេស។
លោក ហ៊ុន សែន បានបញ្ជាក់ថា យើងនឹងឡើងប្រាក់ខែកម្មកររោងចក្រ តទៅទៀត តែមិនមែនឡើងគំហុក តាមការទាមទារ ដល់ ១៦០ ដុល្លារនោះទេ។ ការឡើងប្រាក់ខែកម្មករដូច្នេះ មិនអាចទៅរួចទេ។ ការតម្លើងប្រាក់ខែកម្មករ គឺអាស្រ័យតាមលទ្ធភាព៕
