មេដឹកនាំ​អាហ្វ្រិក​ខាង​ត្បូង​និង​ហ៊្សីម​បាបវ៉េ​ដើរ​ផ្លូវ​ខុសគ្នា

ទីក្រុងហារ៉ារ៉េ – លោក​ រ៉ប៊ត មូហ្គាបេ (Robert Mugabe) ប្រធានាធិបតី​ហ្ស៊ីមបាបវ៉េ គឺ​ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​មេដឹក​នាំ​ប្រទេស​ទាំងឡាយ​ក្នុង​ ពិភពលោក​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ចូល​រួម​បុណ្យ​សព​របស់​លោក​ នែលសុន ម៉ាន់ឌែលឡា អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង។ បុរស​ពីរនាក់​កាល​ពីពេល​មួយ​នោះ​ត្រូវ​បាន​ចាត់​ទុកថា ជា​វីរៈបុរស​រំដោះ​ជាតិ​ដូចគ្នា​ ប៉ុន្តែ​គេ​សម្រេច​ចិត្ត​ដើរ​ផ្លូវ​ខុស​គ្នា។ 

លោក នែលសុន ម៉ាន់ឌែលឡា អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​កាន់​អំណាច​តែ​មួយ​អាណត្តិ​ រូច​ចូលនិវត្តន៍ ខណៈ​ដែល​លោក រ៉ូប៊ត មូហ្គាបេ នៃ​ហ្ស៊ីមបាបវ៉េ នៅ​តែ​កាន់​អំណាច​ជាង​៣៣​ឆ្នាំមក​ហើយ។

កាល ​ពី​សប្តាហ៍​កន្លង​ទៅ លោក​ មូហ្គាបេ បាន​រង់​ចាំ​៤៨ម៉ោង​បន្ទាប់​ពី​មរណភាព​របស់​លោក ម៉ាន់ឌែលឡា ទើបលោក​ថ្លែង​អំពី​មរណភាព​នេះ។ លោក ម៉ាន់ឌែលឡា​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​សួត​រីងរៃ។ បន្ទាប់​ពី​ថ្លែង​ការណ៍​រួច លោក មូហ្គាបេ បន្ត​ធ្វើការ​ជា​ប្រក្រតី។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក មូហ្គាបេ បាន​ថ្លែង​រយៈពេល​មួយ​ម៉ោង​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​មន្ត្រី​យោធា​ជាន់​ ខ្ពស់​ហ្ស៊ីមបាបវ៉េ​ម្នាក់​ដោយ​មិន​បាន​និយាយ​អំពី​មរណភាព​របស់​លោក ម៉ាន់ឌែលឡា ទេ ហើយ​ក្នុង​ពិធី​បុណ្យ​សព​នោះ​ក៏​មិន​មាន​ការ​ស្មិង​ស្មាធិ៍​ដើម្បី​ជា​ កិត្តិយស​ដល់​សព​មេ​ដឹកនាំ​ដ៏​អស្ចារ្យ​រូប​នេះ​ដែល​ត្រូវ​បាន​ផ្សាយ​តាម​ គ្រប់​វិទ្យុ​និង​ទូរទស្សន៍​រដ្ឋ​ដែរ។

មាន​ពេល​មួយ​នោះ លោក ​ម៉ាន់ឌែលឡា បាន​ថ្លែងឃ្លា​មួយ​ដ៏ល្បី​ល្បាញ​អំពី​សមភាគី​ហ្ស៊ីមបាបវ៉េ​របស់​លោក​ថា «គាត់​គឺ​ជា​តារា ហើយ​បន្ទាប់​មក​ជា​ព្រះ​អាទិត្យ​ដែល​រះឡើង»។

លោក​បាន​សរុប​អារម្មណ៍​របស់​លោក​អំពី​លោក មូហ្គាបេ ក្នុង​ជំនួប​មួយ​ជាមួយ​នឹង​អតីត​ប្រធានាធិបតី​បារាំង​ នីកូឡា សារកូហ្ស៊ី (Nicolas Sarkozy)។

លោក ម៉ាន់ឌែលឡា មាន​ប្រសាសន៍​ថា «មុន​ពេល​ខ្ញុំ​ត្រូវ​បាន​ដោះ​លែ​ង​ពី​ពន្ធនាគារ​ គាត់​គឺ​ជា​មេ​ដឹក​នាំ​អាហ្វ្រិក​ដ៏​មាន​ប្រជាប្រីយភាព​បំផុត​នៅ​ក្នុង​ តំបន់​ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ត្រូ​វបាន​ដោះ​លែង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រកាស​ថា នេះ​ជា​ទី​បញ្ច​ប់​នៃ​ប្រជាប្រីយភាពរបស់មូហ្គាបេ។ តាម​ពិត​គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​ទេ»។

លោក អ៊ីបបូ ម៉ានដាហ្សា (Ibbo Mandaza) ដែល​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ពន្យល់អំពី​មូលេហតុ​ដែល​នាំ​ឲ្យ​លោក ​មូហ្គាបេ និង​លោក ​នែលសុន ម៉ាន់ឌែលឡា​ មិន​ចូល​ចិត្ត​គ្នា។

«មនុស្ស​ដូច​លោក មូហ្គាបេ ចាត់​ទុក​ប្រទេស​អាហ្វិ្រក​ខាង​ត្បូង​ជា​អ្នក​ស្រករ​ក្រោយ​ក្នុង​ដំណើរ​ទៅ​ រក​ឯករាជ្យភាព ខណៈ​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មើល​ឃើញ​ខ្លួន​ឯង​ថា ជា​បងធំ​នៅ​ក្នុង​តំបន់។ ដូច្នេះ​ភាព​តាន​តឹង​នោះ​នៅ​តែមាន​ជា​រៀង​រហូត មិន​ត្រឹម​តែ​ក្នុង​ការ​គោរព​លោក ម៉ាន់ឌែលឡា ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ការ​គោរព​ចំពោះ​លោក​ អឹមបិគី (Mbeki ) និង​លោក ហ្ស៊ូម៉ា (​Zuma) ទៀត​ផង»។

លោក​ ថាបូ អឹមបិគី (Thabo Mbeki) បាន​ចូល​កាន់​តំណែង​ជា​ប្រធាធិបតី​អាហ្វ្រិក​ខាង​ត្បូង​មុន​ពេល​ប្រគល់​ តំណែង​បន្ត​ទៅ​ឲ្យ​លោក ចេខប ហ្ស៊ូម៉ា (Jacob Zuma) ដែល​ជា​ប្រធានាធិបតី​អាហ្រ្វិកខាង​ត្បូង​បច្ចុប្បន្ន។

ខណៈ​វាំង​នន​ធ្លាក់​ចុះ​មក​បិទ​ទំព័រ​មរតក​របស់​នែលសុន ម៉ាន់ឌែលឡា ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ លោក ស៊ីមបា ម៉ាខូនី (Simba Makoni) ដែល​ជា​អតីត​អគ្គនាយក​សហគមន៍​អភិវឌ្ឍអាហ្វ្រិក​ខាង​ត្បូង​ដែល​ត្រូវ​បាន​ហៅ​ កាត់​ជា​ភាសា​អង់គេ្លស​ថា SADC ​ បាន​មាន​ប្រសាសន៍​ថា គេ​មិនអាចប្រៀប​ធៀប​លោក​ម៉ាន់ឌែលឡាជាមួយ​នឹង​ប្រធានាធិបតីស្បែក​ខ្មៅ​ដំបូង​ របស់​ប្រទេស​ហ្ស៊ីមបាបវ៉េ​បាន​ទេ។ លោក ម៉ាខូនី គឺ​ជា​អតីត​រដ្ឋមន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​លោក​មូហ្គាបេ។ លោក​គឺ​ជា​បេក្ខជន​ឯករាជ្យ​សម្រាប់​តំណែង​ប្រធានាធិបតី​ហ្ស៊ីមបាបវ៉េ​ក្នុង​ ឆ្នាំ ២០០៨ ហើយ​ពេល​នេះ​ក្នុង​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ហ្ស៊ីមបាបវ៉េ។

«ការ​ប្រៀប​ធៀប​មិន​សម​ហេតុ​ផល។ ខ្ញុំ​មិន​ដឹង​ថា ប្រធានាធិតី​មូហ្គាបេ​ បាន​រំដោះ​ប្រជាពលរដ្ឋ​ហ្ស៊ីមបាបវ៉េ​ទេ។ យើង​ដឹង​ថា ប្រជាពលរដ្ឋ​ហ្ស៊ីមបាបវ៉េ ពេល​នេះ​កាន់តែ​ក្រ​ជាង​មុន​ឆ្នាំ​១៩៨០​ទៅ​ទៀត។ មាន​កិច្ចការជា​ច្រើ​ន​ដែល​ប្រធានាធិបតី​មូហ្គាបេ​បាន​ធ្វើ។ ខ្ញុំ​គិត​ថា យើង​នឹង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​លោក​ប្រធានាធិបតី​ម៉ាន់ឌែលឡា​ ប្រសិន​បើ​យើង​ព្យាយាម​ធ្វើ​ការ​ប្រៀប​ធៀប។ វា​ជា​ការ​ប្រៀប​ធៀប​ខុស។ ប្រធានាធិបតី​ម៉ាន់ឌែលឡា​បង្ហាញ​ឲ្យ​យើង​និង​ពិភពលោក​ទាំង​មូល​ឃើញ​ថា ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​របស់​អ្នក​ អ្នក​មិន​ចាំ​បាច់​កាន់​មុខ​តំណែង​សាធារណៈ​ធំដុំ​ឡើយ»។

នេះ​គឺ​ជា​សេចក្តីថ្លែង​ការណ៍ដែល​សំដៅដោយ​ផ្ទាល់​ទៅ​រកសេចក្តីថ្លែង​ការណ៍​ របស់លោក​មូហ្គាបេ ដែលថា នេះ​ជា​ «គំរូ​លោក​ម៉ាន់ឌែលឡា» ដែល​កាន់​តំណែង​តែ​មួយ​អាណត្តិ​ហើយ​ចុះ​ចេញ។ មេ​ដឹក​នាំ​ហ្ស៊ីមបាបវ៉េ​ដែល​មាន​អាយុ​៨៩​ឆ្នាំ មិន​ទាន់​ប្រកាស​ថា​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​ណា​ទេ។

អតីត​ជ័យ​លាភី​រង្វាន់​ណូបែល​ នែលសុន ម៉ាន់ឌែលឡា​ បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្ស៊ីមបាបវ៉េ​ ម្តង​ ក្នុង​អំឡុង​ពេល​លោក​នៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​ប្រទេស​អាហ្វ្រិក​ខាង​ ត្បូង ហើយ​ផ្លូវ​ធំ​ទៅ​កាន់​វិមាន​សភា​ហ្ស៊ីមបាបវ៉េ​ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា វិថី​នែលសុន ម៉ាន់ឌែលឡា។ នោះ​គឺ​ជា​វិធី​មួយ​ដែល​ប្រជា​ពលរដ្ឋ​ហ្ស៊ីមបាបវ៉េ​អាច​ចង​ចាំ​លោក ហើយ​វិធីមួយ​ទៀត​នោះ​គឺ​រូប​ថត​របស់​លោក​ម៉ាន់ឌែលឡា​មាន​នៅ​លើ​រូបីយ​បណ្ណ​ អាហ្រ្វិក​ខាង​ត្បូង​ដែល​ចរាចរ​ផង​ដែរ​នៅក្នុង​ប្រទេស​ហ្ស៊ីមបាបវ៉េ៕ប្រែ​ សម្រួល​ដោយ អ៊ឹម សុធារិទ្ធ (VOA)

Related Articles

Back to top button
Close
Close