វិបត្តិស៊ីរី ៖ រុស្ស៊ី​​-អាមេរិក​ និយាយ​គ្នា​មិន​ត្រូវ​ ងាក​ទៅ​ទាមទារ​រក​ “បទ​ឈប់​បាញ់”

១០ ​ថ្ងៃ​មុន​បើ​ក​សន្និសីទ​អន្តរជាតិ ស្វែង​រក​សន្តិភាព​ឱ្យ​ស៊ីរី ឬ​ហៅ​កាត់​ថា ហ្សឺណែវ​២មាន​ជំនួប​ពីរ​ផ្សេង​គ្នា​ ម្សិលមិញ​ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ។ លោក​ ចន​ ឃែរី (John Kerry) បាន​ជួប​ជាមួយ​សមភាគី​រុស្ស៊ី សែកហ្គៃ ឡាវ្រូវ (Sergueï Lavrov) បន្ទាប់​មក​ជាមួយ​តំណាង​អង្គការ​សហប្រជាជាតិ​ ឡាក់ដារ ប្រាហ៊ិមី ដើម្បី​បញ្ចុះ​បញ្ចូល​ក្រុម​សម្ព័ន្ធ​បក្ស​ប្រឆាំង​ស៊ីរី ឱ្យ​ចូល​តុ​ចរចា។ រហូត​មក​ដល់​ពេល​នេះ គេ​អាច​និយាយ​ពាក្យ​ថា​បរាជ័យបាន​។ រុស្ស៊ី​និង​អាមេរិក​បាន​ងាក​ទៅ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ តែ​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​នៅ​តែ​មាន​ជុំ​វិញ​វត្តមាន​របស់​អ៊ីរ៉ង់​ ក្នុង​សន្និសីទ​ហ្សឺណែវ​ដដែល។

ក្នុងពេល​ធ្វើ​សន្និសីទ​កាសែត​ ត្រី​ភាគី​ នៅ​ទីក្រុង​ប៉ារីស ថ្ងៃចន្ទ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបទេសរុស្ស៊ី លោក សែកហ្គៃ ឡាវ្រូវ (Sergueï Lavrov) និង​តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ ស៊ីរី លោក ឡាក់ដារ ប្រាហ៊ិមី (Lakdhar Brahimi)ទាំង​ពីរ​នាក់​បាន​ទាមទារ​ឱ្យ​ក្រុង​តេអេរ៉ង់​ មាន​មុខ​ក្នុង​សន្និសីទ​អន្តរជាតិ​ហ្សឺណែវ​ពីរ ដែល​សហរដ្ឋ​អាមេរិក​តែង​ប្រឆាំង​ជា​រហូត​មក។

ប៉ុន្តែ​សម្រាប់​ ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិកវិញ លោក​ ចន​ ឃែរី បែរ​ជា​បាន​លើក​ឡើង​ពី​វត្តមាន​អ៊ីរ៉ង់​ក្នុង​សន្និសីទ​ថ្ងៃ​ទី ២២​មករា​ខាង​មុខ ដោយ​អះអាង​ស្វាគមន៍​ និង​អញ្ជើញ​ក្រុង​តេអេរ៉ង់ ឱ្យ​ចូល​រួម​ក្នុង​ជំនួប​ស្វែង​រកសន្តិភាព​ឱ្យ​ស៊ីរី ប្រសិន​បើ​អ៊ីរ៉ង់​​ទទួល​យក​គោលការណ៍​​អន្តរកាល​នយោបាយ​ដូច​មាន​ចែង​ក្នុង​ សន្និសីទ​ហ្សឺណែវ​កាលពី ថ្ងៃ​ទី​៣០​មិថុនា ២០១២។

ពេល​នេះ​វត្តមាន​អ៊ីរ៉ង់​ក្នុង​វិបត្តិ​ស៊ីរី កំពុង​ក្លាយ​ជា​បញ្ហា​ចោទ ព្រោះ​រុស្ស៊ី​អ្នកគាំទ្រ​របប​ក្រុង​ដាម៉ាស​របស់​លោក បាស្ហារ​អាល់អាសាទ ត្រូវ​ការ​ឃើញ​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអ៊ូឌីត​មាន​មុខ​ក្នុង​ការ​ចរចា​សន្តិភាព​ អាមេរិក​យល់​ព្រម​តែ​ត្រូវ​ដាក់​​លក្ខខណ្ឌដល់​តេអេរ៉ង់​​។ ចំណែក​លោក​ ឡាក់ដារ​ ប្រាហ៊ិមី តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ បាន​អញ្ជើញ​ប្រទេស​អាប៊ីសាអ៊ូឌីត​រួច​ហើយ​ តែ​មិន​បាន​បញ្ជូន​លិខិត​ទៅ​អ៊ីរ៉ង់​ទេ​ ទោះបី​យល់​ថា​អ៊ីរ៉ង់​ដើរ​តួនាទី​ចាំ​បាច់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ ក្នុង​តំបន់​ក៏ដោយ។

អ្វី​ជា​លទ្ធផល​នៃ​ជំនួប​នៅ​ទីក្រុង​ប៉ារីស​លើក​នេះ សហរដ្ឋ​អាមេរិក និង​រុស្ស៊ី បាន​ព្រមព្រៀង​គ្នា​លើក​ទឹក​ចិត្ត​​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ ដ៏​មាន​កំរិត ពោល​គឺ​យ៉ាង​ហោច​ណាស់​នៅ​តំបន់​អាឡិប ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី មុន​នឹង​សន្និសីទ​សន្តិភាព​អាចចាប់​ផ្តើម។

ដោយ​ឡែក​លោក​ បានគីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​វិញ ក្នុង​ខណៈ​ដែល​មាន​ការខិតខំ​ប្រឹង​ប្រែង​នៅ​ប៉ារីស លោក​បាន​អញ្ជើញទៅ​ក្រុង​បាតដាត ដើម្បី​ជួយ​ពិភាក្សា​ជា​ពិសេស​ជាមួយ​មេដឹកនាំ​អ៊ីរ៉ាក់​ ស្តី​អំពី​វិបត្តិស៊ីរី៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close