ប្រធានគណបក្សប្រឆាំង នឹងប្រាប់តុលាការ៤ចំណុច ទាក់ទងនឹងការចោទប្រកាន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៤ មករា ២០១៤) ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងបង្ហាញ ៤ចំណុច ដែលលោកនឹងប្រាប់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ ដើម្បីជាការការពារខ្លួនថា មិនបានប្រព្រឹត្តអ្វីតាមការចោទប្រកាន់។
ចំណុចចំនួន៤ ដែលលោកនឹងប្រាប់តុលាការនោះ រួមមាន៖ ១- ខ្ញុំបានជួយកម្មករ តាមផ្លូវចិត្ត ផ្លូវស្មារតី និងផ្លូវប្រាជ្ញាតែប៉ុណ្ណោះ ដោយបានលើកហេតុផលថា ការទាមទារដំឡើងប្រាក់ខែឲ្យបានយ៉ាងតិច ១៦០ ដុល្លារនោះ គឺជាការទាមទារដ៏ត្រឹមត្រូវ យុត្តិធម៌ និងធ្វើទៅបាន។ ២- ពេលខ្ញុំជួបកម្មករម្តងៗ ខ្ញុំមិនដែលជំរុញឲ្យប្រព្រឹត្តអំពើហិង្សា ឬខុសច្បាប់ម្តងណាឡើយ។ ខ្ញុំគ្រាន់តែលើកទឹកចិត្តកម្មករ ក្នុងការទាមទារដ៏ត្រឹមត្រូវរបស់ពួកគេ នៅពេលជួបជុំគ្នា ជានិច្ចកាល ដោយសន្តិវិធី។ ៣- នៅពេលខ្លះ ខ្ញុំបានស្នើរឲ្យមានការចរចាគ្នារវាងកម្មករ និងអ្នកគ្រប់គ្រងក្រុមហ៊ុន ដោយមានអ្នកតំណាងរាស្ត្រជួយសម្របសម្រួលផងដែរ។ ៤- ក្នុងករណីខ្លះ ខ្ញុំព្យាយាមធានាដោយសន្តិវិធី នូវសិទ្ឋិសេរីភាពរបស់កម្មករ ដោយពិនិត្យមើលថាកម្មករមិនត្រូវគេបង្ខំ ឲ្យធ្វើការផ្ទុយពីឆន្ទៈរបស់ខ្លួន ដោយសារមានការបិទទ្វាររោងចក្រមិនឲ្យកម្មករចេញ។
លោក សម រង្ស៊ី ក៏បានបង្ហាញពីវីដេអូក្លីបទាក់ទងនឹងចំណុចទាំង៤ខាងលើ ដែលលោកបានថ្លែងទៅកាន់កម្មករ កាលពីកន្លងទៅ ដើម្បីទុកជាភ័ស្តុតាងសម្រាប់តុលាការ។
កាលពីថ្ងៃទី០៤ ខែមករា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា ឲ្យចូលបំភ្លឺ នៅថ្ងៃទី១៤ ខែមករា ករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីមានករណីប៉ះទង្គិចដោយហិង្សារវាងកងកម្លាំង សមត្ថកិច្ចរាប់រយនាក់ និងក្រុមកម្មករ ដែលតវ៉ាទាមប្រាក់ឈ្នួល១៦០ដុល្លារ កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង ក្នុងខណ្ឌពោធិសែនជ័យ និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករ ៥នាក់ស្លាប់ ជាច្រើននាក់រងរបួស និងមួយចំនួនទៀតត្រូវបានចាប់ខ្លួន៕