កិច្ចប្រជុំ​នៃ​ប្រទេសមិត្តស៊ីរី​ក្នុង​ក្រុង​ប៉ារីស គឺ​ដើម្បី​បញ្ចុះបញ្ជូល​ក្រុមប្រឆំាងស៊ីរី​ឲ្យ​ទៅ​ហ្សឺណែវ

នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី១២ មករា​ម្សិលមិញ កិច្ចប្រជុំ​នៃ​ប្រទេស​មិត្ត​របស់​ប្រទេស​ស៊ីរី​បាន​រៀបចំ​កិច្ចប្រជុំ​ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង។ កិច្ចប្រជុំ​ដែល​ចូល​រួម​ដោយ​អ្នកតំណាង​ទំាង ១១ប្រទេស​មិត្ត​ស៊ីរី បូក​នឹង​ក្រុមអ្នកប្រឆំាង​ស៊ីរី។ គោលដៅ​នៃ​កិច្ចប្រជុំ គឺ​បញ្ចុះបញ្ចូល​ក្រុមអ្នកប្រឆំាង​ស៊ី​ឲ្យ​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​ សន្តិភាព​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី២២ មករា​ខាង​មុខ។

ប្រទេស ​ទំាង ១១ ដែល​ជា​មិត្ត​របស់​ស៊ីរី​មាន​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី បារំាង អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា អេហ្ស៊ីប ហ្សកដានី អាមេរិក និង​ប្រទេស​តួកគី។ រដ្ឋមន្រ្តី​ការបរទេស​ទំាង ១១ប្រទេស​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ក្រុមប្រឆំាង​ស៊ីរី​ឲ្យ​ចូល​អង្គុយ​ តុចរចា​ជាមួយ​ក្រុមអ្នកតំណាង​រដ្ឋាភិបាល​ស៊ីរី​សព្វថ្ងៃ​នៅ​ក្នុង​សន្និសីទ​ សន្តិភាព​ដែល​គ្រោង​រៀបចំ​ជា​លើកទី២ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​នា​ថ្ងៃទី២២ មករា​ខាងមុខ។ សន្និសីទ​សន្តិភាព​ដែល​ភាគីជម្លោះ​ស៊ីរី​ត្រូវ​លើក​យក​ទៅ​ជជែក​អំពី​ការ​ បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​នៅ​ស៊ីរី មុន​នឹង​រៀបចំ​ការ​បោះឆ្នោត។

កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៣ ក្រុមអ្នកតំណាង​ក្រុមប្រឆំាង​បាន​យល់ព្រម​ជា​គោលការណ៍ តែ​បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន រួម​មាន ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយមនុស្សធម៌​ទៅ​ឲ្យ​ប្រជាជន​ស៊ីរី និង​ការ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​លើ​ក្រុមប្រឆំាង​ពី​សំណាក់​ទាហាន​ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ តែ​ជិត ២ខែ​ក្រោយ​មក គ្មាន​លក្ខខណ្ឌ​ណា​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទំាង​ពីរ​ត្រូវ​បាន​បំពេញ​ទេ។ ម្យ៉ាង​ទៀត ក្រុមប្រឆំាង​ក៏​ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​ចង់​ចូល​ទៅ​អង្គុយ​ចរចា​ជាមួយ​ តំណាង​រដ្ឋាភិបាល​សព្វថ្ងៃ​ដែល​នៅ​តែ​ប្រកាន់​ជំហរ​ធម៌ក្តៅ​នោះ​ទេ។

តែ​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​កិច្ចប្រជុំ​នា​ទីក្រុង​ប៉ារីស​ពេល​នេះ បណ្តា​ប្រមុខ​ការទូត​ទំាង ១១ប្រទេស​ជា​មិត្ត​ស៊ីរី​សុទ្ធ​តែ​បាន​និយាយ​សំឡេង​តែ​មួយ​ដូច​គ្នា នោះ​គឺ វិបត្តិស៊ីរី គឺ​ជា​វិបត្តិនយោបាយ​ដែល​ត្រូវ​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ។ ដូច្នេះ សន្និសីទ​សន្តិភាព​ជា​លើកទី២​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ត្រូវ​តែ​រៀបចំ​ធ្វើ ​ដោយ​ខាន​មិន​បាន។

អ្វី​ជា​ការ​កត់សម្គាល់​នោះ​គឺ​ថា ចំ​ពេល​ដែល​ប្រទេស​មិត្ត​របស់​ស៊ីរី​បាន​និយាយ​សំឡេង​តែ​មួយ​នោះ ក្រុមប្រឆំាងស៊ីរី​ឯណោះ​បែរ​ជា​កំពុង​បែបបាក់​គ្នា​ទៅ​វិញ។ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​ការ​ប្រេះឆា​យ៉ាង​ខ្លំាង​នៅ​ក្នុង​ចំណោម​ ក្រុមប្រឆំាងស៊ីរី​ដូចគ្នា៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close