លោកស្រី​ ហាស៊ីណា​ ចូលកាន់​តំណែង​នាយក​រដ្ឋមន្ត្រី​​​​អាណត្តិថ្មី​ ក្រោម​ការជំទាស់​របស់​បក្សប្រឆាំង​

នៅរសៀល​ថ្ងៃ​អាទិត្យ​នេះ ក្នុង​ក្រុង​ដាការ​ ប្រទេស​បង់ក្លាដែស លោកស្រី ស្ហ៊ែក ហាស៊ីណា Sheikh Hasina ជា​នាយករដ្ឋមន្ត្រី​​​បង់ក្លាដែស អាណត្តិ​កន្លងទៅ​ បាន​ស្បថស្បែរ ចូល​កាន់តំណែង​​​ជានាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី បន្ត​ទៅទៀត។ សមាសភាព​រដ្ឋាភិបាល​ថ្មី មាន​សមាជិក​៤៨នាក់​។ បក្ស​ប្រឆាំង​ដែល​បាន​ធ្វើពហិការ​ក្នុង​ការបោះឆ្នោត ថ្ងៃ៥មករា កន្លងមក នៅ​តែ​ជំទាស់​នឹង​​រដ្ឋាភិបាល​ថ្មី ហើយ​បាន​ទាមទារ​អោយ​​រៀបចំ​ការបោះឆ្នោត​សាជាថ្មី។

នៅបង់ក្លាដែស ​ថ្ងៃ​អាទិត្យ​នេះ លោកស្រី Sheikh Hasina ​បាន​ស្បថស្បែរ ​ចូល​​​កាន់​តំណែង​​ បន្ត​ធ្វើ​ជានាយករដ្ឋមន្ត្រី​​ អាណត្តិ​ថ្មី​៥ឆ្នាំ  ត​ទៅ​ទៀត។ លោកស្រី​ បាន​សន្យា​ថា នឹង​ដឹកនាំ​បង់ក្លាដែស ​​អោយ​មាន​ស្ថិរភាព។ ពិធី​ចូលកាន់តំណែង​នេះ មានការចូលរួម​ពី​​សមាជិក​រដ្ឋាភិបាល​ មន្ត្រី​យោធា និង​អ្នកការទូត​បរទេស​ សរុប​ប្រមាណ​ជា​១០០០នាក់។

គណបក្ស​​ជាតិនិយម​បង់ក្លាដែស​ ជា​បក្ស​ប្រឆាំង​ដ៏ធំ​​នោះ នៅតែ​ជំទាស់​នឹង​រដ្ឋាភិបាល ហើយ​បាន​ទាមទារ​អោយ​​រៀបចំ​ការបោះឆ្នោត​​ ជាថ្មី​ម្តងទៀត។ លោកស្រី ខាឡេដា ហ្ស៊ីយ៉ា ជា​មេដឹកនាំ​បក្ស​ប្រឆាំង បាន​ចាត់ទុក​ការបោះឆ្នោតជាតិ ​ថ្ងៃ​៥មករា​កន្លងមក​ ថា​ជា​ ឆាកកំប្លែង​។ គួររំលឹកថា គណបក្ស​ប្រឆាំង​បាន​ធ្វើពហិការ​មិនបាន​ចូលរួម​​ក្នុង​ការ​បោះឆ្នោត កាលពី​​ថ្ងៃ​៥មករា នោះទេ។

ការបោះឆ្នោត​ ថ្ងៃ​៥មករា​ ជា​ការ​បោះឆ្នោត​ដែល​មាន​​តែ​គណបក្ស​កាន់អំណាច របស់​នាយករដ្ឋមន្ត្រី​ Sheikh Hasi តែ​មួយ​ប៉ុណ្ណោះ។ ដូច្នេះ គ្មានអ្វី​គួរអោយ​ងឿងឆ្ងល់​នោះទេ ពេល​នាយករដ្ឋមន្ត្រី​ហាស៊ីណា បាន​ឈ្នះឆ្នោត ដោយ​ទទួល​បាន​អាសនៈ​សភា​កាន់កាប់ ដល់ទៅ​៨០ភាគរយ។

ដោយឡែក ការ​បោះឆ្នោត​​ជាតិ​កន្លងមក បានប្រព្រឹត្ត​ទៅ​ ក្រោមអំពើហិង្សា។ មាន​មនុស្ស​យ៉ាងហោច​​២៦នាក់ បានបាត់បង់​ជីវិត។ កាលពី​ថ្ងៃ​ពុធ គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​អោយ​ធ្វើ​បាតុកម្ម​ជាថ្មី​ទៀត តែ​មានតែ​សកម្មជន​ប្រឆាំង​ភាគតិច​ប៉ុណ្ណោះដែល​បាន​ស្តាប់​តាម​ការអំពាវនាវ​ នេះ ព្រោះថា សកម្មជន​ប្រឆាំង​មួយចំនួន​ធំ ត្រូវបាន​​អាជ្ញាធរ​​ចាប់ខ្លួន​ តាំង​ពី​មុនការបោះឆ្នោត​ម្ល៉េះ។

លោកស្រី ហ្ស៊ីយ៉ា ជា​មេគណបក្ស​ប្រឆាំង ត្រូវបាន​អាជ្ញាធរ​ឃុំឃាំង​ក្នុង​គេហដ្ឋាន ​ជាង​២សប្តាហ៍​មកហើយ។ នៅថ្ងៃសៅរ៍​ម្សិលមិញ អាជ្ញាធរ​បាន​បន្ធូរ​លក្ខខណ្ឌ​អោយ​គាត់​បន្តិច ដោយ​អោយ​គាត់​អាច​ចាកចេញ​ពី​គេហដ្ឋាន ​បានជាលើកទី១។

គិតចាប់​ពី​ពេលបង្កើត​​ឡើង​ក្នុង​ឆ្នាំ១៩៧១​មក បង់ក្លាដែស​បាន​រង​អំពើ​ហិង្សា​​សម្លាប់​មនុស្ស​​ច្រើន​បំផុត ​​ក្នុង​ឆ្នាំថ្មី​២០១៤នេះ។ យោងតាម​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ អំពើហិង្សា​ទាំងអស់​កន្លងមក​​ អាច​សម្លាប់​​មនុស្ស​រហូត​ដល់​៥០០នាក់​ឯណោះ ក្នុង​នោះ​ ​បើ​គិត​ពី​ខែ​តុលា​ ឆ្នាំ២០១៣មក​​ មាន​១៥០នាក់ស្លាប់​​ ក្នុង​កូដកម្ម ​បាតុកម្ម​​​ ប្រឆាំង​រដ្ឋាភិបាល៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close