សាលក្រមប្រវត្តិសាស្ត្រ ៖ ម្ចាស់ចំការដូងប្រេងជាប់ទោសបំផ្លាញព្រៃ
តុលាការឥណ្ឌូណេស៊ី បានសម្រេចសាលក្រម ថ្កោលទោស ក្រុមហ៊ុនចំការដូងប្រេង មួយ ពីបទកាប់បំផ្លាញព្រៃឈើខុសច្បាប់។ នេះគឺជាលើកមួយ និងអាចចាត់ទុកជាប្រវត្តិសាស្ត្រឥណ្ឌូណេស៊ី ដែលតុលាការបញ្ចេញសំឡេងដើម្បីការពារប្រយោជន៍និងច្បាប់បរិស្ថាន។
តុលាការ កោះស៊ូមាត្រា បានកាត់ទោសក្រុមហ៊ុន Kallista Alam ឱ្យបង់សំណងខូចខាត ជាទឹកប្រាក់ ១១៤ពាន់លាន រូពី (៦,៨លានអឺរ៉ូ) និងបង់ ២៥១ពាន់លានរូពី សម្រាប់បណ្តុះព្រៃឡើងវិញ។ នេះបើតាមមេធាវីក្រសួងបរិស្ថានដែលជាដើមចោទ។
ក្រុមហ៊ុន កាលីស្តាអាឡាម ដែលរក្សាសិទ្ធិធ្វើឧទ្ធរណ៍ ត្រូវបានតុលាការផ្តន្ទាទោស ពីបទបានដុតបំផ្លាញព្រៃនៅខេត្តអាឆេ ភាគខាងជើងកោះស៊ូមាត្រា មួយពាន់ហិចតារ ដើម្បីយកដីមកធ្វើចំការដាំដូងប្រេង។ ម្យ៉ាងវិញទៀត ការដុតព្រៃបែបនេះ បានបង្កជាផ្សែងខ្មួលខ្មាញ់បង្កើតជាឧស្ម័ន ផ្ទះកញ្ចក់ បំពុលបរិយាកាស ភ្នាក់ងារបង្កើនកំដៅនៃភពផែនដី។
ព្រៃអាឆេ ត្រូវបានចាត់ទុកជាតំបន់អភិរក្សព្រៃឈើដ៏ចំណាស់មួយ និងការពារដោយក្រិត្យច្បាប់ឆ្នាំ២០១១ ចុះហត្ថលេខាដោយប្រធានាធិបតី Susilo Banbang Yudhoyono។ មួយផ្នែកនៃព្រៃនេះស្ថិតក្រោមប្រព័ន្ធ Ecosysteme Leuser ព្រោះជាព្រៃជីវៈចម្រុះតែមួយគត់ មានសត្វអ៊ូរ៉ង់អូតង់ដែលចង់ផុតពូជរស់នៅច្រើនជាងគេ។ នៅពេលដែលក្រុមហ៊ុនបានទទួលអាជ្ញារប័ណ្ណកាប់ព្រៃដើម្បីដាំដុះដូង ប្រេង កាលពីឆ្នាំ២០១១ ពិភពលោកទាំងមូលបានរិះគន់យ៉ាងខ្លាំង ។
សាលក្រមតុលាការថ្ងៃនេះ អាចចាត់ទុកជាប្រវត្តិសាស្ត្រនៃការអនុវត្តច្បាប់បរិស្ថាន នៅឥណ្ឌូណេស៊ី។ ហើយនេះក៏សារដ៏សំខាន់មួយសម្រាប់គ្រប់ក្រុមហ៊ុនដូងប្រេងទាំងអស់ នៅខេត្តអាឆេ និងឥណ្ឌូណេស៊ីទាំងមូល ដែលតែងកាប់ព្រៃអភិរក្សដោយគ្មានក្រែងច្បាប់ ព្រោះអាចបំបិទភ្នែក សុំសិទ្ធិរកស៊ីបានដោយងាយ តាមរយៈអំពើពុករលួយ។
ព្រៃឈើឥណ្ឌូណេស៊ី ដែលជាព្រៃឈើតំបន់អេក្វាទ័រសំខាន់ទីបីនៅលើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល និងកុងហ្គោ បានបាត់បង់ផ្ទៃដីអស់ពាក់កណ្តាល ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ដោយភាគច្រើនប្រែក្លាយទៅចំការដូងប្រេងវិញ។ ចំការដូងប្រេងដែលរីកធំឡើងៗ ដល់២៧ដង ក្នុងរយៈពេលតែ២០ឆ្នាំ។
ប៉ុន្តែសម្រាប់មេធាវីចុងចោទ សាលក្រមនេះបានគំរាមកំហែងយ៉ាងខ្លាំងឧស្សាហកម្មដូងប្រេង ដែលឥណ្ឌូណេស៊ីជាប់លេខមួយ នៅលើពិភពលោក និងដែលរដ្ឋាភិបាលមានមហិច្ឆតាបង្កើនផលិតផលឱ្យបាន៦០%បន្ថែមទៀតពី ពេលនេះដល់ឆ្នាំ២០២០៕ដោយ អៀង សុខម៉ិញ (RFI)