អត្រាជនគ្មានការងារធ្វើក្នុងប្រទេសចាយលុយអឺរ៉ូ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ នៅឋេរមិនប្រែប្រួល ១២,១%
នៅថ្ងៃពុធនេះ យោងតាមការិយាល័យស្ថិតិអឺរ៉ុប ឈ្មោះថា អឺរ៉ូស្តាត អត្រាជនគ្មានការងារធ្វើក្នុងតំបន់ប្រទេសចាយលុយអឺរ៉ូ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមក មានលំនឹងថេរ ពោលគឺមិនបានប្រែប្រួលអ្វីឡើយ គិតជាង៨ខែមកនេះ។ គិតជាភាគរយ អ្នកគ្មានការងារធ្វើ មាន១២,១ភាគរយ ដូចភាគរយខែតុលាដែរ។
ការិយាល័យ ស្ថិតិអឺរ៉ូស្តាត នៅអឺរ៉ុប បានប្រកាសនៅថ្ងៃពុធនេះថា ប្រៀបនឹងខែតុលា ឆ្នាំ២០១៣កន្លងទៅ ក្នុងខែវិច្ឆិកាឆ្នាំ២០១៣ ចំនួនអ្នកគ្មានការងារ ដែលបានមកដាក់ពាក្យរកការងារធ្វើ ក្នុងតំបន់ប្រទេសចាយប្រាក់អឺរ៉ូ មានត្រឹមតែ ៤០០០នាក់ប៉ុណ្ណោះ។ គិតជាភាគរយ គឺមាន១២,១ ភាគរយ ដូចខែតុលាដែរ។
បើ គិតចាប់ពីខែមេសា ឆ្នាំ២០១៣មក តួលេខនេះ នៅឋេរ គ្មានអ្វីប្រែប្រួលអ្វីនោះទេ។ ទោះយ៉ាងនេះក្តី ក្នុងខែវិច្ឆិកាកន្លងទៅ អ្នកគ្មានការងារធ្វើសរុបក្នុងតំបន់អឺរ៉ូ មាន១៩លាន ២សែន៤ម៉ឺន១ពាន់នាក់ ពោលគឺមាន៤សែន៥ម៉ឺន២ពាន់នាក់ បន្ថែមទៀត ប្រៀបនឹងខែវិច្ឆិកា ឆ្នាំ២០១២។ នៅអេស្ប៉ាញ អត្រាភាគរយមាន២៦,៧ភាគរយ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣។ នៅក្រិក អត្រាជនគ្មានការងារធ្វើ មាន២៧,៤ភាគរយ។ នេះតួលេខចុងក្រោយទទួលបានក្នុងខែកញ្ញា។
ប្រទេសដែលតួលេខការងារល្អនោះ មានអូទ្រីស អាល្លឺម៉ង់ និងលុចសំបួរ។ អត្រាជនគ្មានការងារធ្វើនៅអូទ្រីស មានត្រឹម៤,៨ភាគរយប៉ុណ្ណោះ ហើយនៅអាល្លឺម៉ង់មាន៥,២ភាគរយ នៅលុចសំបួរ ៦,១ភាគរយ។ គិតក្នុងប្រទេសទាំង២៨នៃសហភាពអឺរ៉ុបវិញ ក្នុងខែវិច្ឆិកានេះ អ្នកគ្មានការងារធ្វើមាន២៦លាន៥សែន៥ម៉ឺន៣ពាន់នាក់ ត្រូវនឹង១០,៩ភាគរយ។ ជាភាគរយដែលមិនប្រែប្រួល បើគិតត្រឹមខែឧសភា ឆ្នាំ២០១៣មក។
ដោយឡែក យុវជនអឺរ៉ុបនៅតែរងគ្រោះ ដោយសារតែគ្មានការងារធ្វើ។
យោងតាមអ្នកវិភាគ អត្រាជនគ្មានការងារធ្វើ នៅបណ្តាប្រទេសចាយលុយអឺរ៉ូ ដែលមិនបានប្រែប្រួល ជាង៨ខែមកនេះ សបង្ហាញថា ទីផ្សារការងារចាប់មានលំនឹងឡើងវិញ ហើយប្រធានសហគ្រាសជាច្រើនរូប បានផ្តល់ទំនុកចិត្តដល់សកម្មភាពរកស៊ីរបស់ខ្លួន។ លំនឹងភាគរយជនគ្មានការងារធ្វើនេះ ក៏សបង្ហាញពីអត្រាកំណើនដែលចាប់កើនប្រសើរឡើងវិញបន្តិចដែរ៕ដោយ ព្រំ សឿន សូលីណា (RFI)