អាមេរិកនឹងបង្កើនកម្លាំងទ័ពបន្ថែមនៅកូរ៉េខាងត្បូង
នៅថ្ងៃអង្គារម្សិលមិញនេះ មន្ទីរប៉ង់តាហ្កូនបានប្រកាសថា សហរដ្ឋអាមេរិកនឹងបង្កើនកងទ័ពរបស់ខ្លួនប្រមាណ៨០០នាក់បន្ថែមទៀត នៅកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក៦០ឆ្នាំមកនេះ។ អាមេរិកក៏នឹងបញ្ជូនសម្ភារៈយោធាបន្ថែម ទៅក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ។ ការប្រកាសនេះ ជាសញ្ញាព្រមានកូរ៉េខាងជើងអោយចៀសវាងរាល់សកម្មភាពផ្គើនដល់ អាមេរិក និងកូរ៉េខាងត្បូង។
ការដែល មន្ទីរប៉ង់តាហ្កូនប្រកាសដាក់កម្លាំងទ័ព និងសម្ភារៈយោធា បន្ថែមក្នុងទឹកដីកូរ៉េខាងត្បូង នៅថ្ងៃអង្គារម្សិលមិញនេះ ធ្វើឡើងក្នុងឳកាសដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកូរ៉េខាងត្បូង គឺលោក យុន បីយុងសេ នៅទីក្រុងវ៉ាស៊ីនតោន។ នៅសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែររី និងប្រមុខការពារជាតិអាមេរិក ឆាក់ ហាហ្កែល។
រថក្រោះប្រមាណ ៨០គ្រឿង ប្រហែលជានឹងត្រូវបញ្ជូនទៅដល់ទឹកដីកូរ៉េខាងត្បូង នៅថ្ងៃ១កុម្ភៈខាងមុខនេះហើយ។ កងទ័ពអាមេរិក៨០០នាក់ដាក់បន្ថែមក្នុងទឹកដីកូរ៉េខាងត្បូងនេះ នឹងស្ថិតនៅក្នុងបន្ទាយ ឈ្មោះថា ហូវេ Hoevey និងស្តេនឡី Stanley នៅភាគខាងជើងក្រុងសេអ៊ូល ក្បែរខ្សែបន្ទាត់ព្រំដែនជាមួយកូរ៉េខាងជើង។ ពួកគេត្រូវនៅកូរ៉េខាងត្បូង៩ខែ។ ប៉ុន្តែ អាមេរិកនឹងទុករថក្រោះនិងសម្ភារៈយោធាខ្លួន នៅទីនោះរហូត។ កងទ័ពដែលអាមេរិកដាក់បន្ថែមនេះ ជាកងទ័ពដែលហ្វឹកហាត់រួចហើយ ចាំតែត្រៀមចូលសមរភូមិប្រយុទ្ធប៉ុណ្ណោះ ករណីចាំបាច់។
ក្រុងវ៉ាស៊ីនតោនប្រកាសដាក់ទ័ពបន្ថែមក្នុងទឹកដីសម្ព័ន្ធមិត្តរបស់ ខ្លួន ដើម្បីព្រមានដល់កូរ៉េខាងជើង អោយចៀសវាងរាល់ការផ្គើន និងការគំរាមមកលើខ្លួន និងលើរដ្ឋាភិបាលក្រុងសេអ៊ូល ព្រោះថា ករណីចាំបាច់ អាមេរិកនិងកូរ៉េខាងត្បូងមានលទ្ធភាពធ្វើសកម្មភាពយោធាខ្លាំងក្លា បកតបតទៅរដ្ឋាភិបាលក្រុងព្យុងយ៉ាងវិញ។ ម្សិលមិញនេះ លោកចន ឃែររី អះអាងដល់កូរ៉េខាងត្បូងថា អាមេរិកមិនទទួលយកឡើយ ការដែលកូរ៉េខាងជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរនោះ។ លោកឃែររីថែមទាំង បានសន្យាទៀតថា នឹងធ្វើអោយសមត្ថភាពផ្នែកយោធាអាមេរិក កាន់តែទំនើប ថែមទៀត។
នៅកូរ៉េខាងត្បូង អាមេរិកមានទ័ពប្រមាណ២ម៉ឺន៨ពាន់៥រយនាក់។ ក្នុងករណីមានសង្គ្រាមជាមួយកូរ៉េខាងជើង អាមេរិកគឺជាអ្នកបញ្ជាការលើកងទ័ពកូរ៉េខាងត្បូង៦សែន៤ម៉ឺននាក់។
តាមធម្មតា អាមេរិកត្រូវប្រគល់កិច្ចការបញ្ជាការទ័ពកូរ៉េនេះ អោយទៅកូរ៉េខាងត្បូងវិញ នៅឆ្នាំ២០១៥។ ប៉ុន្តែ ដោយសារតែមានវិបត្តិជាមួយក្រុងព្យុងយ៉ាង កាលពីកំឡុងដើមឆ្នាំ២០១៣ កូរ៉េខាងត្បូងបានសុំអោយអាមេរិកលើកពេលទៅវិញ៕ដោយ ព្រំ សឿន សូលីណា (RFI)