គ្រឿង​សព្វាវុធ​គីមី ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​ស៊ីរី​ជា​លើក​ដំបូង​

គ្រឿង​សព្វាវុធ​ដែល​ប្រើ​សារធាតុ​គីមី​ជា ​ច្រើន​ត្រូវ​បាន​គេ​ដឹក​ចេញ​ជា​លើកដំបូង​ពី​ប្រទេស​ស៊ីរី នៅ​ថ្ងៃ​អង្គារ​ទី​៧​មករា។ គ្រឿង​សព្វាវុធ​គីមី​ទាំងនោះ​ត្រូវ​បាន​គេ​ដឹក​តាម​នាវា​មួយ​គ្រឿង ដើម្បី​យក​ទៅ​កម្ទេចចោល​ស្រប​តាម​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​បំផ្លាញ​ អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ បេសកកម្ម​ដឹក​អាវុធ​គីមី​ទាំងអស់​ចេញពី​ប្រទេស​ស៊ីរី​ត្រូវ​គេ​គ្រោង​បញ្ចប់ ​នៅ​មុន​ថ្ងៃ​ទី ៣១​មករា​នេះ។

កប៉ាល់ ​មួយគ្រឿង​បាន​ដឹក​គ្រឿង​សព្វាវុធ​គីមី​ចាក​ចេញពី​កំពង់ផែ​ ប្រទេស​ស៊ី​រី​ហើយ ​កាលពី​ថ្ងៃ​អង្គារ​ទី៧មករា​ ឆ្ពោះទៅកាន់​ដែនសមុទ្រ​ អន្តរជាតិ។ គឺជា​កប៉ាល់​របស់​ប្រទេស​ដា​ណឺ​ម៉ាក​ដែល​ដឹក​គ្រឿងសាស្ត្រាវុធ​ដ៏​ គ្រោះថ្នាក់​គ្រប់​ប្រភេទ​ជា​លើកដំបូង​ ចេញពី​ប្រទេស​ស៊ី​រី។ គ្រឿង​សព្វាវុធ​គីមី​ទាំងនោះ ​ត្រូវបាន​គេ​ដកហូត​ចេញពី​មជ្ឈមណ្ឌល​ពីរ​ កន្លែង​នៅក្នុង​ប្រទេស​នេះ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​បេសកកម្ម​រួម​រវាង​ អង្គការសហ ប្រជាជាតិ​និង​អង្គការ​ហាមឃាត់​អាវុធ​គីមី (OIAC)។

កប៉ាល់​ ដឹក​គ្រឿង​សព្វាវុធ​គីមី​នេះ​ត្រូវបាន​ហែហម​ដោយ​នាវា៤គ្រឿង​របស់​ ន័​រវេ​ស​និង​ដាណឺ​ម៉ាក។ នាវា​ពីរ​គ្រឿង​ទៀត​របស់​ចិន​និង​រុស្ស៊ី​ ក៏ត្រូវ​ចូលរួម​អមដំណើរ​កប៉ាល់​ ដឹកជញ្ជូន​អាវុធ​គីមី​នេះដែរ​នៅពេលដែល​កប៉ាល់​ចាក​ចេញពី​កំពង់ផែ។

សូមបញ្ជាក់ថា យោងតាម​កិច្ចព្រមព្រៀង​ស្តីពី​ផែនការ​បំផ្លាញ​អាវុធ​គីមី​នៅក្នុង​ប្រទេស​ ស៊ី​រី​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ គ្រឿង​សព្វាវុធ​គីមី​ទាំងអស់​នឹងត្រូវ​ប្រមូល​ផ្តុំ​នៅឯ​កំពង់ផែ​មួយ​ឈ្មោះ Lattaquié នៃ​ប្រទេស​ស៊ី​រី​មុននឹង​ដឹកចេញទៅ​កាន់​ប្រទេស​​អ៊ីតាលី។ នៅ​ទីនោះ​ហើយ​ដែល​គ្រឿង​សព្វាវុធ​គីមី​ទាំងនោះ​នឹង​ត្រូវគេ​ផ្ទេរ​ទៅ​ឲ្យ​ នាវា​អាមេរិកាំង​មួយ​ដែលមាន​សមត្ថភាព​អាច​បំផ្លាញ​សារធាតុ​គីមី​ទាំងនោះ​ នៅក្នុង​សមុទ្រ​តែម្តង។

ការដឹកជញ្ជូន​អាវុធ​គីមី​ដ៏​គ្រោះថ្នាក់​ទាំងអស់​ចេញពី​ប្រទេស​ស៊ី​រី​គ្រោង ​នឹង​បញ្ចប់​នៅមុន​ថ្ងៃទី៣១មករា​នេះ ប៉ុន្តែ បញ្ហា​សន្តិសុខ និង​អាកាសធាតុ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ​បាន​រំខាន​ដល់​ ការដឹកជញ្ជូន​អាវុធ​គីមី​ទាំងនោះ​មកកាន់​កំពង់ផែ។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​បេសកកម្ម​នេះ​ត្រូវ​ពន្យារពេល​បន្តទៀត។ ប៉ុន្តែ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់មាន​ការកំណត់​កាលបរិច្ឆេទ​ថ្មី​អំពី​ការបញ្ចប់​ បេសកកម្ម​ដឹក​សព្វាវុធ​គីមី​ចេញពី​ប្រទេស​ស៊ី​រី​នៅឡើយ​ទេ៕ដោយ ប៉ែន បូណា (RFI)

Related Articles

Back to top button
Close
Close