មនុស្ស​ជាង ៣៥០ នាក់​នៅ​ជប៉ុន​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​អាហារ​មាន​ជាតិ​ថ្នាំសម្លាប់​សត្វល្អិត

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ របស់​ជប៉ុន​ ឲ្យ​ដឹងកាល​ពី​ថ្ងៃ​អង្គារ​​ថា មនុស្ស​ជាង ៣៥០ នាក់​ទូទាំង​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ខ្លួន​ឈឺ​ ក្រោយ​ពេល​ទទួល​ទាន​អាហារក្លាសេ​ឲ្យ​កក​ដែល​មាន​ជាតិ​ថ្នាំ​សម្លាប់​ សត្វល្អិត។ អាហារនេះផលិត​ដោយ​ក្រុមហ៊ុន​អាហារសមុទ្រ​ដ៏​ធំ​បំផុតមួយ​របស់​ជប៉ុន។​

អ្នក ​ធ្លាក់​ខ្លួន​ឈឺ​ទាំង​នោះ ​ មាន​អាការៈ​ក្អូត​ចង្អោរ​ រាគ​រូស និង​អាការៈ​ពុល​អាហារ​ផ្សេងៗ​ទៀត ក្រោយ​ពី​បាន​បរិភោគ​អាហារដូច​ជា​ ភីស្សា ឡាសាញ៉ា ដែល​ផលិត​ដោយ​សាខា​មួយ​របស់​ក្រុមហ៊ុន Maruha Nichiro Holdings។

ការ ​ស៊ឺប​អង្កេត​របស់​ប៉ូលិស​​ឲ្យ​ដឹង​ថា អាហារ​សមុទ្រ​កក​ខ្លះ​ មាន​ផ្ទុក​សារធាតុ malathion ជា​សារធាតុ​គីមី​មួយ​ក្នុង​ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​ដំណាំ​ពោត​និង​ ស្រូវ។

ក្រុមហ៊ុន Maruha Nichiro និយាយ​ថា ក្រុមហ៊ុន​បានទទួល​ទូរស័ព្ទ​ប្រហែល​ បួន​សែន​ ប្រាំមួយ​ម៉ឺនពី​អតិថិជនទាក់​ទង​នឹង​ការ​ពុល​អាហារ​នេះ ហើយ​ថា​អតិថិជន​ខ្លះ​ផ្តល់​ដំណឹង​ថា អាហារ​បង្កក​របស់​ក្រុម​ហ៊ុន​មាន​ក្លិន​មិនល្អ។

ប្រភព​ពត៌មាន​ក្នុង​ ស្រុក​នានា​ឲ្យ​ដឹង​ថា ប៉ូលិស​សង្ស័យ​ថា​អាហារ​សមុទ្រ​​ទាំង​នោះ​ គឺ​មាន​ប៉ះពាល់​ថ្នាំ​សម្លាប់​សត្វល្អិ​ត​ ពេល​កែ​ឆ្នៃ​ក្នុង​រោង​ច័ក្រ​ ដែល​ឋិត​នៅ​ប៉ែក​ខាងជើង​ក្រុង​តូក្យូ។

ក្រុមហ៊ុន​បាន​ប្រមូល​ផលិតផល​ ដែល​អាច​មាន​ជាតិ​ថ្នាំ​សម្លាប់​សត្វល្អិត​ ប្រាំមួយ​លាន​បួន​សែន​កញ្ចប់​មក​វិញ​ ដែល​មក​ទល់​ពេល​នេះ​ទើប​តែ​ប្រមូល​បាន​តែ​ មួយលាន ពីរសែន​កញ្ចប់​ទេ។

ក្រុម​ហ៊ុន​ផលិត​អាហារ​សមុទ្រ​កក​នេះ​បន្ថែម​ថា អាហារ​របស់​ខ្លួន​មិន​នាំ​ចេញ​ទៅ​បរទេស​ទេ៕(Radio Australia)

Related Articles

Back to top button
Close
Close