អ៊ិត សេដ្ឋា និង​ក្រុម​ការងារ​របស់​ខ្លួន​នៃ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​កាន់​តែ​ចោលម្សៀត

Cambodia News/យុវវ័យថ្មី​

ភ្នំពេញ (៩​ មករា ២០១៣)៖ លោក អ៊ិត ​សេដ្ឋា និងក្រុមការងារ​របស់ខ្លួននៃ​​ស្ថានីយ​ទូរ​ទស្សន៍​​​ស៊ី​ធី​អិន​​​ត្រូវ​ បានបូរាណវិទូ ​អ្នក​​ប្រវត្តិសាស្រ្ត​ និង​មហាជនរិះគន់មិនសំចៃ​ពី​កំហុស​ឆ្គង​ផ្ទួនៗ​​នៅក្នុង​កម្មវិធី “អ្នក​​នឹង​ក្លាយ​ជាសេដ្ឋី” របស់​ស្ថានីយ ទូរទស្សន៍​​មួយនេះ​ដែល​គ្រប់​ដោយ​លោក ឧកញ៉ា គិត ម៉េង សេដ្ឋីម្នាក់ក្នុង​ចំណោមសេដ្ឋីជាច្រើន​នៅកម្ពុជា។

អ៊ិត សេដ្ឋា ក្នុងកម្មវិធីទូរទស្សន៍ស៊ីធីអិន។
អ៊ិត សេដ្ឋា ក្នុងកម្មវិធីទូរទស្សន៍ស៊ីធីអិន។

នៅរាត្រី​ថ្ងៃសៅរ៍ទី ៤ មករា កន្លង​មក​នេះ នៅក្នុង​កម្មវិធី “អ្នក​​នឹង​ក្លាយ​ជាសេដ្ឋី” អ៊ិត ​សេដ្ឋា និងក្រុមការងារ​របស់ខ្លួន​បានសម្រេច​ឲ្យ​ចម្លើយដែល​ថា “ប្រាសាទ​កោះកេរ​ស្ថិត​នៅ​ក្នុង​​ខេត្តសៀមរាប” ជាចម្លើយ​ត្រឹមត្រូវ។ ចម្លើយនេះ​ត្រូវ​បាន​​អ្នក​បូរាណវិទូ​បដិសេធ​​ថាមិន​ត្រឹម​ត្រូវ​ទេ គឺថា “ប្រាសាទ​កោះកេរ​ស្ថិត​នៅ​ក្នុង​​ខេត្តព្រះវិហារ”។

កាសែត​រស្មីកម្ពុជានៅ​ថ្ងៃ​ព្រហស្បតិ៍នេះក៏​បាន​ដកស្រង់សំដី​បូរាណវិទូ ដោយ​បាន​ពន្យល់​យ៉ាង​​ច្បាស់​ពី​ទីតាំង​ប្រាសាទកោះកេរនេះ​ថា ប្រាសាទ​ស្ថិត​នៅក្នុង​ភូមិ​ស្រយង់​ខាង​ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​​ព្រះវិហារ។
នេះមិន​មែន​លើក​ទីមួយ​ទេ​ដែល អ៊ិត ​សេដ្ឋា និងក្រុមការងារ​របស់ខ្លួននៃ​​ស្ថានីយ​ទូរ​ទស្សន៍​​​​ស៊ី​ធី​អិនត្រូវ​បាន​ មហាជន​ចោទថា ដឹង​មិន​ច្បាស់ពីប្រទេស​ខ្លួនឯង ហើយ​នាំ​ពលរដ្ឋ​ឲ្យ​វង្វេង​​ភូមិសាស្រ្ត​និង​ប្រវត្តិសាស្រ្ត​របស់​ ខ្លួនទៅវិញ។
កាល​ពី​ថ្ងៃទី ១៧ ធ្នូ ២០១៣ កន្លង​ទៅ អ៊ិត ​សេដ្ឋា និងក្រុមការងារ​របស់ខ្លួនក៏​បាន​ប្រកាស​​ដែរ​ថា ល្ខោនបាសាក់​មាន​ដើម​កំណើត​នៅប្រទេស​វៀតណាម ដែល​ចម្លើយ​នេះ​ធ្វើ​ឲ្យ​មាន​​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​មហាជន ពិសេស​ក្រុម​បញ្ញវន្ត​និង​អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិ​សិល្បៈ​​ខ្មែរ។
លោក ឃុត សុខឿន អ្នកបម្រើការ​នៅ​មជ្ឈមណ្ឌលព័ត៌មាន​ស្រ្តីកម្ពុជា​បាន​រៀបរាប់​នៅ​ ក្នុង​ហ្វេសប៊ុកវ៉ល​របស់​លោក​ថា អ៊ិត សេដ្ឋា និង​អ្នករៀបចំ​កម្មវិធី​ទូរទស្សន៍​​មួយ​នេះ​ត្រូវ​តែ​សិក្សា​​ស្រាវ​ជ្រាវ​ ពីប្រវត្តិ​សិល្បៈ​ខ្មែរនិងប្រវត្តិល្ខោនបាសាក់ឡើងវិញ ដោយ​លោក​បញ្ជាក់ថា “តាម​​ពិតល្ខោនបាសាក់​មាន​ដើម​កំណើត​នៅ​ស្រុក​បាសាក់​ខេត្ត​ឃ្លាំង កម្ពុជាក្រោម។  ទឹកដី​កម្ពុជា​ក្រោម​នេះ​ត្រូវ​បាន​ពួក​អាណានិគមនិយម​បារាំង​កាត់​ទៅ​ឲ្យ​ ប្រទេស​យួន ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩  ហើយ​ល្ខោន​បាសាក់​មាន​កំណើត​មុន​ពេល​បារាំ​ង​​​ប្រគល់​ទឹក​ដី​កម្ពុជា​ ក្រោម​ ទៅឲ្យយួនទៅទៀត”។

ហេតុនេះ អ៊ិត ​សេដ្ឋា និងក្រុមការងារ​របស់ខ្លួន​ត្រូវ​ប្រយ័ត្នប្រយែង កុំឲ្យ​កុមារាកុមារីនៅ​ថ្នាក់​​បឋម​សិក្សា និង​យុវជន​​ដៀល​ថា​ ”ក្បាលកញ្ចាស់ហើយ នៅតែ​ចោលម្សៀត។ បើ​ចោល​ម្សៀត​​តែ​ខ្លួន​ឯង​និង​ក្រុម​របស់​ខ្លួនវាមិន​អី​ទេ តែ​កុំនាំមហាជនឲ្យ​​ចោលម្សៀត​តាម​ខ្លួនទៀត”៕

Related Articles

Back to top button
Close
Close