អ្នកកាសែត​ភូមា​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រឹតត្បឹត​សិទ្ធិ​សេរីភាព​សារព័ត៌មាន

អ្នកកាសែត ​ភូមា​បាន​នាំគ្នា​ចេញ​ធ្វើ​ បាតុកម្ម នៅថ្ងៃ​អង្គារនេះ ដើម្បី​បរិហាររិះគន់​ការ​រឹតត្បឹត​​សិទ្ធិសេរីភាព​សារព័ត៌មាន ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​អ្ន​កកាសែត​ម្នាក់ ដែលកំពុង​ជាប់​ក្នុង​ពន្ធនាគារ។ ការចាប់អ្នកកាសែត​ដាក់​ពន្ធនាគារ​នេះ​ធ្វើឡើង នៅ​​ពេល​ដែល​ប្រធានាធិបតី​ភូមា​សន្យា​ដោះលែង​អ្នកទោស​នយោបាយ​ឲ្យ​អស់​ ពីពន្ធនាគារ។

អ្នកកាសែត ព្រមទាំង​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ​ជា ១៥០នាក់ បាន​នាំគ្នា​ដើរ​ដង្ហែ​ក្បួន នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ដោយ​ស្រែក​ទាមទារឲ្យ​បញ្ឈប់​​រាល់​ការ​គំរាមកំហែង​ចំពោះសិទ្ធិ​សេរីភាព​ខាង​ សារព័ត៌មាន ព្រមទាំង​​​លើក​បដា ដែល​សរសេរ​នូវ​ពាក្យ​ស្លោក​ថា “សិទ្ធិទទួល​ព័ត៌មាន​គឺ​ជា​អាយុជីវិត​នៃ​លទ្ធិប្រជាធិបតេយ្យ”។

បាតុកម្ម​នេះរៀបចំ​ធ្វើឡើង​ដោយ​សមាគម​អ្នក​កាសែត​ភូមា ឈ្មោះ​ថា Myanmar Journalist Network ដើម្បី​តវ៉ា​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ​ភូមា កាល​ពី​ខែ​មុន ដែល​បាន​កាត់ទោស​អ្នក​កាសែត​ម្នាក់​​ឲ្យ​ជាប់​ពន្ធនាគារ រយៈពេល ៣ខែ។ អ្នកកាសែតរូបនេះ​មាន​ឈ្មោះ​ថា ម៉ា ឃីន (Ma Khine) ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់ទោស​ពីបទ​បរិហារកេរ្តិ៍​ រំលោភបំពាន​ដោយ​ពាក្យសម្តី ព្រមទាំង​បំពាន​ទៅលើ​ទ្រព្យសម្បត្តិ​ឯកជន​របស់​មេធាវី​ម្នាក់។

ក៏ប៉ុន្តែ គេសង្ស័យថា ហេតុផល​ពិតប្រាកដ​នៃ​ការកាត់ទោស​អ្នកកាសែត​ម៉ា ឃីន ​នេះ គឺ​ដោយសារ​តែ​កាសែត​របស់​គាត់​ធ្លាប់​បាន​ចុះផ្សាយ​ព័ត៌មាន ដែល​បើកកកាយ​ពី​អំពើ​ពុករលួយ នៅ​ក្នុង​ស្ថាប័ន​តុលាការ នាពេល​កន្លងមក។

សមាគមអ្នកកាសែត​ភូមា​បាន​លើកឡើង​ថា “ការណ៍​ដែល​អ្នក​កាសែត​ត្រូវ​កាត់ទោស​ពី​បទព្រហ្មទណ្ឌ ដោយសារ​តែ​សកម្មភាព​យក​ព័ត៌មាន វា​គឺ​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់ ចំពោះ​សិទ្ធិសេរីភាព​សារព័ត៌មាន”។ កាលពី​ពេល​ថ្មីៗ​នេះ អង្គការ​អ្នកសារព័ត៌មាន​ឥតព្រំដែន​ក៏​​ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ មួយ​ក្នុង​ន័យ​ស្រដៀង​គ្នា​នេះដែរ ព្រមទាំង​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ភូមា​ដោះលែង​ម៉ា ឃីន ពី​ពន្ធនាគារ។

គួររំឭកថា ភូមា​ទើប​នឹង​ត្រូវ​បាន​អង្គការ​អ្នកសារព័ត៌មាន​ឥតព្រំដែន​ ដំឡើង​ចំណាត់ថ្នាក់​សេរីភាព​ខាង​សារព័ត៌មាន ពី​លំដាប់​ទី ១៧៩ មក​នៅ ១៥១ កាលពី​ឆ្នាំ​២០១៣​កន្លងទៅ​នេះ។ ក៏ប៉ុន្តែ អង្គការ​សិទ្ធិមនុស្ស​កំពុង​មាន​ការ​ព្រួយបារម្ភ អំពី​​តាក់ទិច​ថ្មី​របស់​អាជ្ញាធរ​ភូមា ដែល​យក​ការចោទប្រកាន់​ពី​​បទល្មើស​ព្រហ្មទណ្ឌ​ធម្មតា​មក​ធ្វើ​ជា​អាវុធ ដើម្បី​គំរាម​កំហែង​ទៅលើ​អ្នក​សារព័ត៌មាន៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close