រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​ទៅ​អេស្ប៉ាញ​និង​បារាំង​ក្នុងពេល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន

លោក​ហ៊្វូមីយ៉ូ គីស្ហ៊ីដា (Fumio Kishida) រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​បាន​ចេញ​ដំណើរ​ពី​ទីក្រុង​តូក្យូ នៅថ្ងៃ​អង្គារ​នេះ សំដៅ​ទៅកាន់​ប្រទេស​ពីរ នៅអឺរ៉ុប គឺ​អេស្ប៉ាញ និង​បារាំង។ គេ​រំពឹងថា លោក​គីស្ហ៊ីដា​នឹង​ព្យាយាម​ពន្យល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរនេះ អំពី​ជំហរ​របស់​ជប៉ុន ក្នុង​ជម្លោះ​ជាមួយ​ចិន។

លោក ​គីស្ហ៊ីដា​ត្រូវ​មក​ដល់​ទីក្រុង​ម៉ាឌ្រីដ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ដោយ​លោក​គ្រោង​ជួប​ជាមួយ​សមភាគី​អេស្ប៉ាញ ព្រមទាំង​ទូរស័ព្ទ​ទៅ​សួរសុខទុក្ខ​នាយករដ្ឋមន្រ្តី និង​ព្រះមហាក្សត្រ​អេស្ប៉ាញ នៅថ្ងៃ​ពុធ​ស្អែក។

បន្ទាប់​មក​ទៀត លោក​រដ្ឋមន្រ្តីការបរទេស​ជប៉ុន​នឹង​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស នៅ​ល្ងាច​ថ្ងៃ​ពុធ។ នៅទីនោះ លោក​គីស្ហ៊ីដា​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​លោក​ឡូរ៉ង់ ហ្វាប៊្យូស រដ្ឋមន្រ្តី​ការបរទេស​បារាំង មុន​នឹងបើក​​កិច្ចប្រជុំ​ទ្វេភាគី​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ការពារជាតិ បារាំង-ជប៉ុន នៅថ្ងៃ​ព្រហស្បតិ៍។ លោក​គីស្ហ៊ីដា​​​​ក៏​គ្រោង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ ហូឡង់​ផងដែរ មុននឹង​ចេញ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​ជប៉ុនវិញ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

មន្រ្តី​រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យដឹង​ថា នៅ​ក្នុង​ដំណើរទស្សនកិច្ច​នៅ​អឺរ៉ុប​នេះ លោក​គីស្ហ៊ីដា​នឹង​ពន្យល់​សមភាគី​របស់​លោក​ អំពី​ជម្លោះ ដែល​កំពុង​តែ​កើតមាន រវាង​ជប៉ុន និង​ចិន។

ក្រុមអ្នកសង្កេតការណ៍​យល់ថា ជប៉ុន​កំពុង​តែ​ព្យាយាម​ស្វែងរក​ការគាំទ្រ​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​មួយចំនួន​ផ្សេងទៀត ដែល​កំពុង​មាន​ការ​សង្ស័យ​ទៅលើ​ចេតនា​ពិតប្រាកដ​របស់​ចិន ដែល​កំពុង​តែ​ពង្រីក​កម្លាំង​ទ័ព ព្រមទាំង​បង្កើន​​សកម្មភាព នៅ​ក្នុង​តំបន់​សមុទ្រ​ដែល​ជាប់ជម្លោះ។

មន្រ្តី​រដ្ឋាភិបាល​ក្រុងតូក្យូ​​បាន​បង្ហើប​ឲ្យដឹង​​ថា ដំណើរទស្សនកិច្ច នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​បារាំង ក៏​ជា​ឱកាស​មួយផងដែរ សម្រាប់ឲ្យ​លោក​គីស្ហ៊ីដា​ពន្យល់​អំពី​រឿង​ដែល​លោក​ស្ហ៊ីនហ្សូ អាបេ ធ្វើ​ដំណើរ​ទៅ​គោរពវិញ្ញានក្ខន្ធ​ នៅ​វិហារ​យ៉ាស៊ូគូនី កាល​ពី​ពេល​ថ្មីៗ​នេះ។ ការ​ធ្វើ​ដំណើរ​ទៅ​វិហារ​យ៉ាស៊ូគូនី ដែល​បាន​ធ្វើ​ឲ្យ​ចិន ក៏ដូចជា កូរ៉េ​ខាង​ត្បូង​ផ្ទុះ​កំហឹង។

កាលពីថ្ងៃ​សៅរ៍​កន្លងទៅនេះ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ លោក​ឆាក់ ហេហ្គ័ល (Chuck Hagel) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ បាន​ប្រាប់​ទៅរដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន​ថា ជប៉ុន​ត្រូវតែ​ស្វែងរក​វិធី​ស្តារ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ របស់​ខ្លួន​ឡើងវិញ។ អាមេរិក​កំពុងតែ​បារម្ភ​ខ្លាច​ក្រែង ជម្លោះ រវាង​ជប៉ុន និង​ប្រទេស​ជិតខាង​អាច​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​​នៅ​ក្នុង​តំបន់ ហើយ​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជា​យុទ្ធសាស្រ្ត​របស់​អាមេរិក។ ភាពតានតឹង​រវាង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​សុទ្ធសឹង​តែ​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នោះ ក៏​មិនមែន​ជា​រឿង​ល្អ​ដែរ សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close